សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបណ្ដាមេដឹកនាំមេគង្គ-ឡានឆាងបង្ហាញពីសាមគ្គីភាព និង​ការជឿទុកចិត្តគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនៃការរីករាលដាលជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យបណ្ដាប្រមុខដឹកនាំនៃបណ្ដាប្រទេសមេគង្គ-ឡានឆាងបង្ហាញពីសាមគ្គីភាព និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម​ពាក់ព័ន្ធនឹងការ​រីករាល​ដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ២០២០ ដើម្បីធានាថា ជំងឺនេះ​នឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិយើង ជាពិសេសគឺមិន​បំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០នៅវិមានសន្តិភាព ដែលជាការតបតាមការអញ្ជើញ​របស់ឯកឧត្ដម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិប​តេយ្យឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិននោះ សម្ដេចតេជោ ហ៊ុន សែនបានគូសបញ្ជាក់តាម​រយៈ​បទអន្តរាគមន៍ថា នៅក្នុងបរិការណ៍នេះ ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមា​ហរណ​កម្ម​តំបន់ និងពហុភាគី និយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស២ បន្ថែមទៀត នៃសកម្មភាពរួមរបស់យើង។ ជាមួយគ្នានេះដែរ សម្ដេចតេជោក៏សូមវាយតម្លៃ​ខ្ពស់​​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិន ក្នុងការផលិតវ៉ាក់សាំង និង ការប្តេជ្ញាចិត្តផ្តល់​វ៉ាក់​សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ពាក់ព័ន្ធនឹងអនាគត​នៃ​កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្ដេចតេជោបានសម្តែងនូវការវាយ តម្លៃខ្ពស់​ចំពោះចក្ខុវិស័យការងាររបស់ឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺឈាង (Li Keqiang) និង គាំទ្រ​នូវសំណើរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យអាទិភាពចំនួន ៤ រួមមាន(១). ការ​តភ្ជាប់​តាមរយៈការកសាងខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង និង ការជំរុញ​សហ​ថាមភាព ជាមួយនឹងច្រករបៀងពាណិជ្ជកម្ម តាមដី-សមុទ្រអន្តរជាតិថ្មី (២). កិច្ចសហ ប្រតិបត្តិការធនធានទឹក (៣). ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យ កសិកម្ម និង បរិស្ថាន និង (៤). ការលើក កម្ពស់សុខភាពសាធារណៈ តាមរយៈការបង្កើតឡើងនូវ​សហគមន៍សុខភាពសាធារណៈមេគង្គឡានឆាង។

នៅកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង​លើក​ទី៣​នេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ពាក់ព័ន្ធនឹងចក្ខុវិស័យនៃការ​អភិវឌ្ឍ​នាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមាន ទី១. ក្នុង​បរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើត និងរក្សាឱ្យ បាននូវ​ប្រភព​​កំណើនថ្មី នៅក្នុងអនុតំបន់របស់យើង គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូចនេះ យើងត្រូវខិតខំពន្លឿនការរៀបចំ និងការសម្រេចឱ្យបាននូវខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើន​សម្រាប់​អនុតំបន់យើង។ ការលើកកម្ពស់នូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណ ភាព ព្រមទាំងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម នឹងជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពង្រឹងការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់នៃ​អនុ​តំបន់​របស់​យើង ចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរ​ឡើង​នូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់​ភាពប្រកួតប្រជែងរយៈពេលវែងនៃអនុតំបន់របស់យើងផងដែរ។ ក្នុងន័យនេះ សម្ដេច​តេជោ​ក៏សូមគាំទ្រនូវវិធាន​ការទាំងឡាយ ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួម​របស់​សហប្រធាន។ ទី២. អស់រយៈពេល៥ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូល​នៅ​ទីក្រុងសានយ៉ា សម្ដេចតេជោនាយករដ្ឋមន្រ្ដីជឿជាក់ថា នេះគឺជាពេលវេលាសមស្របមួយ ដែលយើងត្រូវផ្តួចផ្តើមធ្វើការវាយតម្លៃ ដោយផ្អែកលើ ប្រព័ន្ធតាមដាន និងវាយតម្លៃ​ច្បាស់​លាស់មួយ ដើម្បីធានានូវប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ជាក់ស្តែង ចាប់តាំងពីពេលដែលដាក់ឱ្យដំណើរការនូវមូលនិធិ ពិសេសនៃកិច្ចសហប្រតិ​បត្តិការនេះ ក្នុងឆ្នាំ ២០១៦ មក កម្ពុជាបានទទួលគម្រោងចំនួន ៥៥ ដែលគ្របដណ្តប់លើ​សកម្ម​ភាពសហប្រតិបត្តិការជាក់លាក់ ហើយយើងមានជំនឿថា បាននាំមកនូវការអភិវឌ្ឍ​ជាក់ស្តែង និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រ​ជាជនយើងទាំងអស់គ្នា។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើក​ដំបូង ត្រូវបានរៀបចំឡើងក្នុងទីក្រុង Sanya ខេត្តHainan ប្រទេសចិនកាលពីខែមីនា ឆ្នាំ ២០១៦ ក្នុងកិច្ចប្រជុំបានប្រកាសពីកំណើននៃយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានកំណត់ផ្អែកលើសន្តិសុខនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងសង្គមមនុស្សសាស្រ្តបានផ្តោតសំខាន់លើគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់វិស័យ​​សហការជាចម្បងដោយការទំនាក់ទំនងគ្នាទៅវិញទៅមក សមត្ថភាពផលិតកម្ម សេដ្ឋកិច្ច​ឆ្លងដែន ធនធានទឹក វិស័យកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។ នាខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី២ ត្រូវបានរៀបចំឡើង​នៅរាជ​ធានីភ្នំពេញ នៃប្រទេសកម្ពុជា សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញដែលចេញដោយ​អង្គប្រជុំ បានចង្អុលបង្ហាញពីដំណើរការអភិវឌ្ឍន៍នៃយន្តការកិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គក្នុងរយៈពេល១០ឆ្នាំខាងមុខ។ប្រទេសកម្ពុជា ជាប្រទេសសហប្រធាន​នៃកិច្ច​សហប្រតិបត្តិការឡានឆាង-មេគង្គក្នុងអំឡុងពេលឆ្នាំ ២០១៦-២០១៧ បានសហការយ៉ាង​ជិតស្និទ្ធ​ជាមួយប្រទេសចិន ក៏ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនគួរឱ្យកត់សម្គាល់ និង បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ២ ក្នុងឆ្នាំ ២០១៨ បានយ៉ាងជោគជ័យ។ ភាគីកម្ពុជា​ ទទួលបានគម្រោងមូលនិធិពិសេស​កិច្ចសហ​ប្រតិ​បត្តិការឡានឆាង-មេគង្គចំនួន៣ឆ្នាំជាប់ៗគ្នា ដែលមានចំនួន ៥៥ គម្រោងដែលរាប់ បញ្ចូលទាំងឆ្នាំនេះ មានទឹកប្រាក់សរុបលើសពី ២០ លានដុល្លារសហរដ្ឋអាមេរិក។ នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ក៏បង្ហាញពីសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដែលប្រទេសទាំង ពីរ ចិននិងកម្ពុជាស្ថិតក្រោមក្របខ័ណ្ឌឡានឆាង-មេគង្គផងដែរ។ ជាមួយគ្នានេះ មេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ រួមមាន ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ក្រៅពីនេះ ក៏មានផ្ទៃស្ដុកទឹក ៧៩៥,០០០​គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់ នៅក្នុងអនុតំបន់​មេគង្គ-ឡានឆាង៕

ដោយ ជឹម ណារី