Riel PP ចាញ់ Bayon Wanderers ខណៈ Khmer United A ឈ្នះ Sniper FC ៣-០ Keller Williams Cambodia League សប្តាហ៍ទី១១

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០–

ក្រុម Riel Phnom Penh បានប្រកួតចាញ់ក្រុម Bayon Wanderers ដោយលទ្ធផល ១ទល់៣ ខណៈក្រុម Khmer United A ស្វែងរកបាន៣ពិន្ទុបន្ថែមពីក្រុម Sniper FC ដោយលទ្ធផល ៣ទល់០ (Sniper FC បោះបង់ការប្រកួត) នាជំនួបសប្តាហ៍ទី១១ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពាក់កណ្តាលអាជីព Keller Williams Cambodia League សប្តាហ៍ទី១១ រដូវកាល ២០២០។

១១ប្រកួតរបស់ Riel Phnom Penh ឈ្នះ៨ប្រកួត ស្មើ១ប្រកួត និងចាញ់ ២ប្រកួត មាន២៥ពិន្ទុ ឈរនៅលេខ៣បណ្តោះអាសន្ន ខណៈ១១ប្រកួតរបស់ Bayon Wanderers ឈ្នះ៧ប្រកួត ស្មើ១ប្រកួត និងចាញ់៣ប្រកួត ឈរនៅលេខ៦ មាន២២ពិន្ទុ។ រីឯ១១ប្រកួតរបស់ Khmer United A ឈ្នះ៨ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត ឈរនៅលេខ៤ មាន២៥ពិន្ទុ ស្របពេលដែល Sniper FC ឈរនៅលេខ៨ មាន១៦ពិន្ទុ។
ដោយឡែក៥ប្រកួតផ្សេងទៀត នាជំនួបសប្តាហ៍ទី១១នេះដែរ រួមមាន៖ ក្រុមតាំងគោកFF ចាញ់ ISI DSC FC ០ទល់៩, មហាហង្ស All Star ចាញ់ Avatar FC ១ទល់៤, ធីអ៊ិនកណ្តាល FC ប្រកួតឈ្នះ Mambo Phnom Penh ៦ទល់១, Pitou FC ស្មើជាមួយ PMU ០ទល់០ ហើយ Khmer United B ប្រជែងបាន៣ពិន្ទុពីក្រុម Watvarin Youth ដោយលទ្ធផល ៣ទល់០។

ក្នុង១ក្រុមៗនៅសល់២ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ការប្រកួត ក្នុងចំណោម១៤ក្រុម ដោយក្រុមឈរលើកំពូលតារាងនឹងឈ្នះម្ចាស់ដំណែងជើងឯកតែម្តង។ រីឯ៤ក្រុមពីក្រុមលេខ២ដល់លេខ៥នឹងត្រូវប្រកួតប្រជែងដណ្តើមពានរង្វាន់ Keller Williams Cambodia Cup។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ពាក់កណ្តាលអាជីព Keller Williams Cambodia League នេះត្រូវបានរៀបចំឡើងដោយស្ថាបនិកលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia អស់រយៈពេលជិត១០ឆ្នាំមកហើយ ក្នុងគោលបំណងបំផុសស្មារតីកីឡាករខ្មែរ និងបរទេសបានចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជារួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែមានសកម្មភាពផុសផុលផងដែរ។ ព្រឹត្តិការណ៍នេះដែរក៏បានចែករំលែកនូវថវិកាសប្បុរសធម៌ពី បណ្តាក្រុមចូលរួមទាំងអស់ និងថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា គីម ហ៊ាង តែងតែផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា ជារៀងរាល់ឆ្នាំទៀតផង៕ដោយហេង ណាលីន