បឹងកេតឡើងឈរលើកំពូលតារាង ក្រោយឈ្នះព្រះខ័នរាជស្វាយរៀង ៤-២ លីគកំពូលកម្ពុជា រដូវកាល ២០២០

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០–

ក្រុមបឹងកេតបានឡើងឈរលើកំពូលតារាងវិញ ដោយទម្លាក់ក្រុមព្រះខ័នរាជស្វាយរៀង ដែលគ្រប់គ្រងលើកំពូលតារាងជាច្រើនសប្តាហ៍ ក្រោយបឹងកេតបានយកឈ្នះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៤ទល់២ នាជំនួបសប្តាហ៍ទី១២ ដែលជាសប្តាហ៍បញ្ចប់ជើងទី១ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។

៤គ្រាប់របស់ក្រុមភ្ញៀវ បឹងកេតធ្វើសម្រេចបាន២គ្រាប់ដោយកីឡាករ ម៉ាត់ នូរុណ, Gopane Mothusi, និង សៀង ចន្ធា ខណៈ២គ្រាប់របស់ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Kobayashi Daisuke និងកីឡាករ Jean Marie Privat Befolo Mbarga។

ឆ្លងកាត់១២ប្រកួតរបស់បឹងកេតឈ្នះ១០ប្រកួត ស្មើ២ប្រកួត មិនដែលចាញ់ មាន៣២ពិន្ទុ ឈរលេខ១ ។ រីឯ១២ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ១០ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មាន៣១ពិន្ទុ ឈរលេខ២។

ចំពោះ៥ប្រកួតផ្សេងទៀត រួមមាន៖ កងយោធពលខេមរភូមិន្ទយកឈ្នះអគ្គិសនីកម្ពុជា ៤ទល់២, សូលទីឡូអង្គរ ចាញ់អាស៊ីអឺរ៉ុប ១ទល់២, ណាហ្គាវើលចែកគ្នាម្នាក់១ពិន្ទុ ជាមួយវិសាខា ១ទល់១, នគរបាលជាតិចាញ់អង្គរថាយហ្គឺរ ២ទល់៤ និងយុវជនបាទីចាញ់ គីរីវង់សុខសែនជ័យ ១ទល់៣។

ក្រុមទាំង១៣នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០នេះ បានបញ្ចប់ការប្រកួតជើងទី១ ហើយ៦ក្រុមលើកំពូលតារាងនឹងបន្តការប្រកួតប្រជែងម្ចាស់ដំណែងជើងឯក ដោយ៦ក្រុមខ្លាំងៗរួមមាន៖ បឹងកេត, ព្រះខ័នរាជស្វាយរៀង, វិសាខា, កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន, និងណាហ្គាវើល ដែលក្រុមទាំង៦នេះ នឹងត្រូវចាប់ឆ្នោតជ្រើសរើសគូប្រកួតជុំទី២ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ខណៈក្រុមលេខ៧ដល់លេខ១៣ ត្រូវប្រកួតធម្មតា៕ ដោយ៖ ហេង ណាលីន