សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ ក្រោម​មូលបទ ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​

AKP ភ្នំពេញ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ តប​តាម​ការអញ្ជើញ​របស់​ឯក​ឧត្ដម ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ដ្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ដែលជា​សហប្រធាន​កិច្ចប្រជុំ​ជាមួយ ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ (3rd Mekong-Lancang Cooperation Summit) ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ (Video Conference) នា​ព្រឹក​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​អញ្ជើញ​អម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅក្នុង​កិច្ចប្រជុំ រួមមាន ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ផងដែរ​។ កិច្ចប្រជុំ​តាម​ប្រព័ន្ធ Video Conference របស់​ប្រទេស​ជា​សមាជិក​នៃ​ឡាន​ឆាង​មេគង្គ ដែលមាន​ចំនួន​៦ ប្រទេស ដូចជា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម និង ប្រទេស​ចិន​នឹង​ប្រព្រឹត្តទៅ គឺ​ក្រោម​មូលបទ «​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​»​។

​ថ្នាក់ដឹកនាំ​ទាំងអស់ នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព ដែល​សម្រេចបាន​ស្របតាម​ទិសដៅ​នៃ​សេចក្ដីថ្លែងការណ៍​សាន់​យ៉ា​ឆ្នាំ​២០១៦ សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​៥​ឆ្នាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) កំណត់​ទិសដៅ​អនាគត​សម្រាប់​ការពង្រីក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ក៏ដូចជា​ការពង្រឹង​ភាពជា​ដៃគូ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​។ នៅក្នុង​កិច្ចប្រជុំ​នេះដែរ ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង នឹង​ផ្តោត​ការ យកចិត្តទុកដាក់​ផងដែរ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម របស់​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ដោះស្រាយ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ និង​ការលើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច​-​សង្គម ក្រោយ​ជំងឺ​កូ​វីដ​-១៩​។

​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣​នេះ នឹង​គូសបញ្ជាក់​ផងដែរ​អំពី​សារៈសំខាន់​នៃ​សន្តិភាព​ប្រកបដោយ​និរន្ត​ភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង​នៅ​តំបន់​មេគង្គ​-​ឡាន​ឆាង ក៏ដូចជា​ការលើកកម្ពស់​សន្តិ​សហ​វិជ្ជមាន ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​៕ ដោយ ជឹម ណា​រី​