រដ្ឋមន្ត្រីការបរទេសជប៉ុនអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការ​យ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០

ឯកឧត្ដម ម៉ូតេហ្គី តូស៊ីមីត្សឹ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្ដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម MOTEGI Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម MOTEGI Toshimitsu ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច ដែលនាំទៅដល់ការអភិវឌ្ឍឆាប់រហ័សនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងរាជធានីភ្នំពេញផងដែរ។ ឯកឧត្ដមបានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់កម្ពុជា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ឯកឧត្ដមសង្កេតឃើញថា កម្ពុជាពិតការអភិវឌ្ឍខ្លាំង យ៉ាងឆាប់រហ័សជាទីបំផុត។ ជាមួយគ្នានោះដែរ ឯកឧត្ដមក៏បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា ជប៉ុនបានត្រៀមថវិកាមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺរាតត្បាតជំងឺកូវីដ-១៩ ក្នុងនោះក៏មានជំនួយមកដល់កម្ពុជាផងដែរ។

ទន្ទឹមនេះដែរ ឯកឧត្ដម MOTEGI Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានគោរពស្នើសុំសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ ដើម្បីអនុញ្ញាតឱ្យជប៉ុននិងកម្ពុជាធ្វើដំណើរទៅវិញទៅមក សំដៅជំរុញវិស័យពាណិជ្ជកម្ម និងវិស័យសេដ្ឋកិច្ច និងវិស័យធុរកិច្ចផងដែរ។ ឯកឧត្ដមក៏បានជម្រាបជូនសម្តេចតេជោផងដែរថា មាននិស្សិតកម្ពុជាចំនួន១៩នាក់ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ហើយនិស្សិតទាំង១៩នាក់នេះ នឹងត្រូវអនុញ្ញាតឱ្យទៅចូលរួមសិក្សា នៅប្រទេសជប៉ុននាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោដែរថា ភាគីជប៉ុនបានធ្វើការសិក្សាចប់សព្វគ្រប់ហើយ ទៅលើគម្រោងអភិវឌ្ឍន៍​កំពង់ផែខេត្តព្រះសីហនុ សម្រាប់ធ្វើយ៉ាងណាឱ្យកប៉ាល់ធំៗអាចចូលចតបាន។ ក្នុងន័យនេះ ឯកឧត្ដមបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើការគាំទ្រលើគម្រោងនេះផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា សម្តេចសប្បាយរីករាយយ៉ាងខ្លាំង ដែលបានជួបឯកឧត្ដម MOTEGI Toshimitsu សារជាថ្មីមួយទៀត បន្ទាប់ពីបានជួបឯកឧត្ដមនៅទីនេះកាលពី៦ឆ្នាំមុន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះជំនួយទាំងឡាយ ដែលជប៉ុនបានជួយដល់កម្ពុជា ដើម្បីទប់ស្កាត់ជំងឺរាតត្បាតជំងឺកូវីដ-១៩ ហើយក៏បានថ្លែងការអរគុណ ជូនចំពោះប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុនផងដែរ ដែលបានជួយដល់កម្ពុជា ជាពិសេសប្រជាជនកម្ពុជា ពលករកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងតែសិក្សា និងរស់នៅក្នុងប្រទេសជប៉ុន។ សម្តេចតេជោក៏បានគាំទ្រនូវការបើកឱ្យ​ដំណើរការឡើងវិញ លើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងអ្វីៗទាំងឡាយ ដែលទាំងនោះ គឺជាការធ្វើដំណើរទៅវិញទៅមក រវាងប្រទេសទាំងពីរ ដែលអាចនាំទៅដល់ការពង្រីកទំនាក់ទំនង កាន់តែខ្លាំងថែមទៀតផង និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផង។

សម្តេចតេជោបានថ្លែងថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម​​រវាងកម្ពុជា និងជប៉ុន មានប្រមាណ២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ ១,២ពាន់លានដុល្លារ ហើយជប៉ុននាំចូលមកកម្ពុជាវិញ មានប្រមាណ,៨ពាន់លានដុល្លារ។ ដោយឡែក នៅក្នុងឆ្នាំ២០២០នេះ រយៈពេល៩ខែដំបូង ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានប្រមាណ៨០០លានដុល្លារអាម៉េរិក  ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន ប្រមាណ៥០០លានដុល្លារអាម៉េរិក និងជប៉ុននាំចូលកម្ពុជា ប្រមាណ៣០០លានដុល្លារអាម៉េរិក។

សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ការបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ សម្តេចស្នើឱ្យមានការហោះហើរឡើងវិញ  របស់ក្រុមហ៊ុនអាណា (ANA)។ ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាណា អាចនាំឱ្យការធ្វើដំណើររបស់ប្រទេសទាំងពីរ មានការធម្មតាឡើងវិញ ជាពិសេសជាមួយវិធានការមួយចំនួន ដែលអាចដាក់ចុះ ហើយការហោះហើរឡើងវិញនេះ អាចជំរុញឱ្យមានការកើនឡើង ក្នុងទំហំពាណិជ្ជកម្ម និងការវិនិយោគ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ជប៉ុនដែលបន្តជួយដល់កម្ពុជា ជាពិសេសបន្តជាមួយនឹងកម្មវិធី ODA ជាកម្មវិធីជំនួយក្រៅប្រទេសរបស់ជប៉ុន ដែលរាល់គម្រោង ODA នៅកម្ពុជា ពុំមានការពន្យារ ឬក៏បញ្ឈប់ទេ ផ្ទុយទៅវិញកំពុងតែដំណើរការជាប្រក្រតី៕

ដោយ ជឹម ណារី