ក្រសួងទេសចរណ៍៖ ក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃ ភ្ញៀវទេសចរដែលបានដើរ​លេងកម្សាន្តនៅទូទាំងប្រទេសសរុបជាង ១,៤លាននាក់

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ១.៤៥៩.៣៨៦នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨ នាក់ និងភ្ញៀវ​ ​​​អន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨ នាក់

បើតាមការបញ្ជាក់របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានឱ្យដឹងថា រាជធានី ខេត្តទាំងអស់បានខិតខំរៀបចំគោលដៅទេសចរណ៍ និងបង្ហាញផលិតផលទេសចរណ៍ថ្មីៗ ដួចនៅខេត្តសៀមរាប រដ្ឋបាលខេត្តបានខិតខំរៀបចំបង្កើតឱ្យមានព្រឹត្តិការណ៍ “សម្រាកសៀមរាប” ទាំងព្រឹត្តិការណ៍កីឡា ទេសចរណ៍ វប្បធម៍ ប្រពៃណី ។ល។ ដែលបានទាក់ទាញទេសចររាប់ម៉ឺននាក់ទៅកម្សាន្តនៅខេត្តសៀមរាប។ ឯកឧត្ដមបានបញ្ជាក់ថា ក្នុងដំណើរការរៀបចំនេះ រដ្ឋបាលខេត្តបានសហការជាមួយគ្រប់ផ្នែកពាក់ពាន់ និងវិស័យឯកជន ខិតខំអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសនៅកន្លែងប្រារព្ពិធី។ឯកឧត្ដមរដ្ឋមន្រ្ដីបានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរភាគច្រើនបានដើរកម្សាន្តជាក្រុមគ្រួសារ និងជាច្រើនគោលដៅដោយភ្ជាប់គ្នាពីខេត្តមួយទៅខេត្តមួយ ហើយខ្លះបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់ហូបចុកក្នុងដំណើរកម្សាន្ត។

ជាមួយគ្នានេះ តាមការអង្កេតជាក់ស្តែងរបស់ក្រសួងទេសចរណ៍បានបង្ហាញថា មិនមានបញ្ហាធំដុំណាមួយកើតឡើងទេ មិនមានការដំឡើងថ្លៃហួសហេតុលើសេវាស្នាក់នៅ និងម្ហូបអាហារនោះទេ ទោះបីនៅតាមគោលដៅទេសចរណ៍មួយចំនួន មានការខ្វះខាតបន្ទប់ស្នាក់នៅ ដោយសារលំហូរភ្ញៀវមានច្រើនក្នុងពេលតែមួយក៏ដោយ។ ទន្ទឹមនេះ ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះរបស់បងប្អូន ឬជួលផ្ទះរបស់បងប្អូនប្រជាជនក្នុងខេត្តផ្ទាល់។

តែទោះបីជាយ៉ាងណាក្ដី ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា ប៉ុន្តែ បញ្ហាសំរាម ទោះបីរដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធមានការខិតខំច្រើន តែនៅតែជាបញ្ហាស្មុគ្រស្មាញនៅឡើយដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់បានទទួលទានអាហារ។ សម្រាប់គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តន៍តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានី ខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ជាពិសេសការស្កេនកម្ដ លាងដៃ និងការកត់ត្រា ពត៌មានភ្ញៀវ។ យ៉ាងណាក៏ដោយ ការពាក់ម៉ាស់របស់ភ្ញៀវនៅមិនទាន់មានភាពពេញលេញ ហើយការរក្សាគម្លាតសុវត្ថិភាពនៅពុំទាន់អនុវត្តន៍បានល្អប្រសើរ ជាពិសេសនៅតាមគោលដៅទេសចរណ៍ដែលមានលក្ខណៈប្រមូលផ្តុំច្រើន។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលមន្ទីរទេសចរណ៍រាជធានី ខេត្ត រាយការណ៍ជាបឋមបានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១.៤៥៩.៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨ នាក់ ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨ នាក់ ចំពោះចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗ រួមមាន សម្រាប់ ថ្ងៃទី១ ប្រមាណ ២៣៣.៣២៩ នាក់
ថ្ងៃទី២ ប្រមាណ ២៨១.៨៥៥ នាក់ ថ្ងៃទី៣ ប្រមាណ ៣២៥.០៧៧ នាក់ ថ្ងៃទី៤ ប្រមាណ ៣៣៤.៣៩១ នាក់ និងសម្រាប់ថ្ងៃទី៥ ប្រមាណ ២៨៤.៧៣៤ នាក់

បើតាមការកត់សម្គាល់របស់ឯកឧត្ដម ថោង ខុន ​បានថ្លែងថា ប្រជាជននៅតាមមូលដ្ឋាន និង​​វិស័យឯកជន មានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ ខណៈដែលការចំណាយរបស់ភ្ញៀវបានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា “មូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើនបានបើកទទួលភ្ញៀវ រាប់តាំងពីសេវាស្នាក់នៅ និងម្ហូបអាហារ ខណៈដែលមគ្គុទេ្ទសក៏ទេសចរណ៍មួយចំនួនក៏បានទទួលការងារពីលំហូរភ្ញៀវទេសចរដ៏ច្រើននេះ ប៉ុន្តែសណ្ឋាគារកម្រិតខ្ពស់ដែលធ្លាប់ទទួលភ្ញៀវអន្តរជាតិ ពុំទាន់បើកដំណើរការនៅឡើយ ជាពិសេសនៅខេត្តសៀមរាប៕ ដោយ រិទ្ធី ប្រភព៖ក្រសួងទេសចរណ៍