អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ច្រានចោល​ព័ត៌មាន​ចចាមអារ៉ាម​ដែលថា មាន​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩

AKP ភ្នំពេញ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ —

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អះអាងថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅពេល​រួមភេទ ដែល​ហេតុ​ការ​ណ៌​នេះ បាន​កេ​ី​ត​ឡេ​ី​ង​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ហើយ​បាន​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ចចាមអារ៉ាម​ដែលថា​បុរស​ជនជាតិ​ចិន​រូបនេះ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​។

​លោកជំទាវ​វេជ្ជបណ្ឌិត​បាន​គូសបញ្ជាក់ថា​៖ «​យោងតាម​របាយ​ការ​ណ៌​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ មាន​បុរស​ជនជាតិ​ចិន អាយុ ៤៦​ឆ្នាំ​ម្នាក់ បានមក​លេង​ផ្ទះ​សង្សារ​គាត់​ដែលជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៩​ឆ្នាំ នៅ​ភូមិ​អូរ​ស្វាយ​កើត ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម​។ លុះដល់​ម៉ោង ៣​ជិត​ភ្លឺ គាត់​ក៏បាន​គាំងបេះដូង​ស្លាប់​ពេល​កំពុង​រួមភេទ (​តាម​ការពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​) និង​ស្ត្រី​ជា​សង្សារ ក៏បាន​បញ្ជាក់ប្រាប់​ក្រុមគ្រូពេទ្យ​ថា បុរស​ជនជាតិ​ចិន​រូ​ប​នេះ បាន​ស្លាប់​ពេល​កំពុង​រួមភេទ​ដែរ​។ ដូច្នេះ ករណី​ស្លាប់​ភ្លាមៗ​ពេល​រួមភេទ​នេះ គឺ​បណ្តាលមកពី​ការ​ឡេ​ី​ង​ឈាម​ខ្លាំង ធ្វេ​ី​ឲ្យ​គាំងបេះដូង តែម្តង​»​។​

​លោកជំទាវ​បាន​បន្ថែមថា បច្ចុប្បន្ននេះ ក្រុមការងារ និង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដឹកយក​សាកសព​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដោយ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម ។

​សូមបញ្ជាក់ថា​ជនជាតិ​ចិន ដែល​បាន​ស្លាប់​ខាងលើនេះ ជា​មេការ សំណង់​នៅ​រាជធានី​ភ្នំពេញ បាន​ប្រតិព័ទ្ធ​ស្រឡាញ់គ្នា​ជាមួយ​ស្ត្រី​ខាងលើ ប្រហែលជា​មួយឆ្នាំ​ហើយ ៗ​បុរស​ជនជាតិ​ចិន រូបនេះ តែងតែ​មកលេង​ស្រុក​ខាង​ស្ត្រី និង​ជួប​ស្ត្រី​នេះ​ម្តងៗ មុនពេល​ដែលមាន​ហេតុ​ការ​ណ៌​ស្លាប់​ខាងលើនេះ​។

​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​យក​វត្ថុ​សំណាក​ពី​សាកសព​ខាង​លេ​ី នៅ​ព្រឹក​ថ្ងៃ​ដដែល បញ្ជូនទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហេ​ី​យ​លទ្ធផល​បាន​បញ្ជាក់ថា សព​គ្មាន​ផ្ទុក​នូវ​វីរុស​កូ​វីដ​១៩ នោះទេ​។​​ដោយ ផែន រតនៈ​