បទ​យកការណ៍​៖ កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ គ្រោង​នឹង​ពង្រីក​ការចិញ្ចឹម​ដល់​ប្រជាជន​តាម​ភូមិ​

AKP តាកែវ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០
​ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ កសិដ្ឋាន​ចិញ្ចឹម​គោ យក​ទឹកដោះ​គិរី​សួគ៌ បានបង្ហាញ​នូវ​គម្រោង​ក៏ដូចជា​ផែនការ​ជាច្រើន​ទៀត ដើម្បី​ពង្រីក​សង្វាក់​ផលិត កម្ម របស់ខ្លួន​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ស្របតាម​តម្រូវការ​ទីផ្សារ​។ ការពង្រីក​សង្វាក់​ផលិត​កម្មនេះ ម្ចាស់​កសិដ្ឋាន​គ្រោង​នឹង​ជំរុញ​ការចិញ្ចឹម​គោ​យក​ទឹកដោះ​ដែល នាំចូល​ពី​ប្រទេស​អូស្ត្រាលី​ឱ្យដល់​ផ្ទះ​អ្នកភូមិ​ដែល​នៅក្បែរ​កសិដ្ឋាន​តែម្តង​។

ការ​សម្លឹង​ឃើញ​ឱកាស​ដ៏​ធំធេង​នេះ ដោយ​ម្ចាស់​កសិដ្ឋាន បាន​អះអាងថា ប្រជាពលរដ្ឋ​អាច​នឹង​ធ្វើបាន​នៅតាម​ផ្ទះ​នីមួយៗ​ដោយ​វិធីសាស្ត្រ​ងាយៗ​តាម លទ្ធ ភាព​ដែលមាន​ស្រាប់ ហើយ​ក្រុមហ៊ុន​នឹង​ជួយ​បង្រៀន​បច្ចេកទេស​បន្ថែម​។ ជាមួយនឹង​ការពង្រីក គម្រោង និង​ការផ្ដល់​បច្ចេកទេស​រប​ស់​កសិដ្ឋាន​នេះ អ្នកស្រុក​បាទី ខេត្តតាកែវ នឹងមាន​ឱកាស ចិញ្ចឹម​គោ​យក​ទឹកដោះ​តាមរយៈ​កសិដ្ឋាន​ចិញ្ចឹម​គោ​គិរី​សួគ៌​។

សម្រាប់​ឱកាស​ដ៏​ពិសេស​នេះ​ប្រជាជន​នៅក្នុង​មូលដ្ឋាន​បាន​ចេះ​ទាំង​បច្ចេកទេស ទទួលបាន​ទាំង​ផលប្រយោជន៍​បណ្តើរៗ​ដោយ​កសិដ្ឋាន​ចិញ្ចឹម​គោ​គិរី​សួគ៌​ប្រមូល​ទិញ​កសិផល​ពី​ប្រជាពលរដ្ឋ ដូចជា ពោត សណ្តែក និង​ចម្បើង យកទៅ​ផ្គត់ផ្គង់​សង្វាក់​ផលិតកម្ម​ចិញ្ចឹម​គោ និង​ឱកាស​ពិសេស​មួយទៀត​នឹង​អាច​ចិញ្ចឹម​គោ​លក់​ទឹកដោះ​ឱ្យ​ទៅឱ្យ​កសិដ្ឋាន​គិរី​សួគ៌ សម្រាប់​បង្កើន​ផលិតកម្ម​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ Khmer Fresh Milk Co.,Ltd ស្ថិតនៅក្នុង​កសិដ្ឋាន​គិរី​សួគ៌​ផ្ទាល់​។​

​លោក ឈរ រិទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Fresh Milk Co.,Ltd និង​ជា​ប្រតិបត្តិ​ករ​កសិដ្ឋាន​គិរី​សួគ៌​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​នាពេល​ថ្មីៗ​នេះ​ថា «​យើងៗ​អាច​ពង្រីក​បាន​ធំ​តាម​តម្រូវការ​ទីផ្សារ យើង​នឹង​ឱ្យ​ប្រជាជន​ចិញ្ចឹម​គោ ហើយ​យើង​ប្រាប់​បច្ចេកទេស​ដល់​គាត់ ព្រលឹម​ឡើង​បឺត​ទឹកដោះគោ​យកមក​រោងចក្រ​ចម្រាញ់​របស់​យើង​។ យើង​មាន​កន្លែង​ពិសោធន៍​ដោយ​ខ្លួនឯង ពិសោធន៍​ទឹកដោះគោ​ដែល​យើង​ទិញ​ពី​ប្រជាជន​។ ដើម្បី​រក្សា​គុណភាព​កុំឱ្យ​មានការ​ប្រែប្រួល យើង​នឹង​ប្រាប់​ប្រជាជន​ពី​របៀប​ឱ្យ​ចំណី ឱ្យ​ទឹក​ផឹក​និង​របៀប​យក​ទឹកដោះ​ឱ្យមាន​គុណភាព​»​។

​​ដោយ​បច្ចុប្បន្ន​នៅលើ​ផ្ទៃ​៣០០​ហិកតា កសិដ្ឋាន​ចិញ្ចឹម​គោ​គិរី​សួគ៌ មាន​គ្រប់​សង្វាក់​ផលិតកម្ម​ទាំងអស់ ក្នុងនោះ​មានដូចជា ក្រោលគោ កន្លែង​ពិសោធន៍ រោងចក្រ​ផលិត​ទឹកដោះគោ​ស្រស់ កន្លែង​ដាំ​ស្មៅ​ស្តៃ​ឡូ​(Stylo) មូ​ម​បា​សា​(Mombasa) ដាំពោត​សម្រាប់ធ្វើ​ចំណី​គោ កន្លែង​ស្តុក ចំណី​គោ កន្លែង​ធ្វើ​ផ្អក​ស្មៅ កន្លែង​ទុក​គ្រោង​ចក្រ កន្លែង​បូមទឹក​ស្រោចស្រព​ស្មៅ និង​ការដ្ឋាន​ពាក់ព័ន្ធ​មួយចំនួនទៀត​។ ជាមួយគ្នានេះ កសិដ្ឋាន​គ្របដណ្តប់​ដោយ​សង្វាក់​ផលិតកម្ម​ដ៏​ច្រើន​បែបនេះ ជា​បន្ទុក​មួយ​ដ៏​ធំ​ក្នុងការ​ពង្រីក​សង្វាក់​ផលិត​ឱ្យ​ទូលំទូលាយ​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក ឈរ រិទ្ធី បាន​លើកឡើងថា នៅ​ស្រុក​គេ​អត់​សូវ​មាន​ក្រុមហ៊ុន​ដែល​ដាំ​ស្មៅ​ផង ចិញ្ចឹម​គោ​ផង ហើយ​ធ្វើ​រោងចក្រ​កែច្នៃ​ផង​ទេ ភាគច្រើន​មាន​ក្រុមហ៊ុន​ដាំ​ស្មៅ​ដោយឡែក កសិដ្ឋាន​ចិញ្ចឹម​គោ​ដោយឡែក ចំណែកឯ​រោងចក្រ​ផលិត​ទឹកដោះគោ​ចាំតែ​ប្រមូល​ទិញ​យកមក​កែច្នៃ​តែម្តង​។ នៅពេល​សួរថា តើ​ឱ្យ​ពលរដ្ឋ​ចិញ្ចឹម​គោ​យក​ទឹកដោះ​ប្រឈម​នឹង​កង្វះខាត​ដូច កង្ហារ​បែប​ទំនើប ក្រោល​មាន​ស្តង់ដារ​ដូច​នៅក្នុង​កសិដ្ឋាន​ដែរឬទេ​? លោក ឈរ រិទ្ធី បាន​ហាក់​អស់សំណើច​ហើយ​ឆ្លើយ​មួយៗ​ថា នៅតាម​ផ្ទះ​ពលរដ្ឋ​ចិញ្ចឹម​ចំនួន​តិច ដូច្នេះ​គាត់​អាច​បាញ់​ទឹក​ទុយោ​ងូត​ឱ្យ​គោ និង​ចងវា​ក្រោម​ដើមឈើ​ជុំវិញ​ផ្ទះ​គាត់​បាន មិនចាំបាច់​ប្រើ​កង្ហារ​ដូច​នៅ​កសិដ្ឋាន​ស្ថិត​ទីវាល​ស្រឡះ​ឡើយ​។​

​សូមបញ្ជាក់ថា កសិដ្ឋាន​ចិញ្ចឹម​គោ​គិរី​សួគ៌​ស្ថិតនៅ​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ក្បែរ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ បាន​នាំចូល​ពូជ​គោ​យក​ទឹកដោះ​មកពី​ប្រទេស​អូស្ត្រាលី​ចំនួន ៥៥០​ក្បាល​កាលពីដើមឆ្នាំ​២០២០​សម្រាប់​ចិញ្ចឹម​យក​ទឹកដោះ​មក​កែច្នៃ​ជា​ទឹកដោះស្រស់ ជា​ប៊ឺ​រ និង​ទឹកដោះគោ​ជូរ​សម្រាប់​ចាប់ផ្តើម​សង្វាក់​ផលិតកម្ម​ដំបូង​នៅ​ដើម មាស​ទី​២​ឆ្នាំ​២០២០​នេះ​។ កសិដ្ឋាន​នេះ បានដាក់​ទុក​វិនិយោគ​ក្នុង​ទឹកប្រាក់​ចំនួន​១៥​លាន​ដុល្លារ​អាម៉េរិក​។ អត្ថបទ​៖ គង់ សិរី​រ័ត្ន រូបថត​៖ អ៊ុន រិទ្ធី​