ខេត្ត​បន្ទាយមានជ័យ ទទួលបានភ្ញៀវទេសចរ​ជាង២០,០០០នាក់ រយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០

ប្រធានមន្ទីរទេសចរណ៍ខេត្ដបន្ទាយមានជ័យបានអះអាងថា ក្នុងរយៈពេល៤ថ្ងៃក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរជាតិជាង២០,០០០នាក់ បានធ្វើដំណើរមកលេងកម្សាន្តនៅតាម​រមណីយដ្ឋាននានាក្នុងខេត្ត​បន្ទាយមានជ័យ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានឱ្យដឹងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះថាក្នុងឱកាសឈប់សម្រាក​សងជំនួសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ភ្ញៀវទេសចរជាតិយើងបានធ្វើដំណើរទស្សនាកម្សាន្តនៅតាមរមណី​​ដ្ឋាន​នានា​ក្នុងខេត្តបន្ទាយមានជ័យដែលក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះមានចំនួនប្រមាណជាង​​២២,០០០នាក់។ លោកប្រធានមន្ទីរទេសចរណ៍បាន​បញ្ជាក់ថា តំបន់រមណីដ្ឋានទេសចរណ៍ដែលភ្ញៀវតែងតែមកលេងកម្សាន្តរួមមានប្រាសាទ​បន្ទាយឆ្មារប្រាសាទមេបុណ្យ អាងជើងគ្រុស ​ អាងត្រពាំងថ្មក៏ដូចជារមណីយដ្ឋាននានាជាច្រើនកន្លែងទៀត។ ​

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួង​ទេសចរណ៍ក៏ដូចជាការណែនាំរបស់អភិបាលខេត្តបន្ទាយមានជ័យ មន្ទីរទេសចរណ៍បានរៀបចំការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់ភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដ១៩នៅតាម​គោលដៅទេសចរណ៍នានាក្នុងខេត្ត។ លោកបានបន្ថែមថា ដូចនៅក្នុងតំបន់ប្រាសាទបន្ទាយឆ្មារដែលជារមណីដ្ឋានទាក់ទាញភ្ញៀវទៅកម្សាន្ត លេងច្រើនជាងគេ​នោះ ក្រុមការងារ​មន្ទីរ​ទេសច​រណ៍​ខេត្ត​បាន​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ការពារ​បេ​តិក​ភណ្ឌ​​​ប្រាសាទបន្ទាយឆ្មារ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​ប្រជា​ការពារ​ភូមិ ត្រួតពិនិត្យ តូប​លក់ដូរ​ចំណីអាហារ ដោយមាន​ដាក់​ទឹក​អាល់កុល​លាងដៃ មាន​បិទ​សាររូបភាព ផ្សព្វផ្សាយ​អំពី​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ១៩។​ រីឯ​នៅតាម​បណ្តា​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក្រុមការងារ​មន្ទីរ បាន​ត្រួត​តាមដាន​ឃើញថា​(​ម្ចាស់​)​ពួកគាត់​បាន​យកចិត្តទុកដាក់​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍​បានល្អ​ប្រសើរ​។​ ជាមួយគ្នានេះ ក៏​មាន​ប្រដាប់​វាស់​កម្តៅ​ទឹក​អាល់កុល ​ឬ​ជែ​ល​លាងដៃ​នៅ​ច្រកចូល​ហាង​របស់គាត់ បុគ្គលិក​បម្រើ​ការងារ​មាន​ពាក់​ម៉ាស់ និង​អនាម័យ​បរិស្ថាន​បានល្អ ។

​​ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានណែនាំចំពោះភ្ញៀវទេសចរទាំងអស់ សូមមានវិធានការការពារដោយខ្លួនឯងពីជំងឺកូវីដ១៩និងបានចូលរួមថែរក្សា អនាម័យបរិស្ថានឱ្យបានល្អផងដែរ៕

ដោយ ឈុន សារ៉ាត