ស្រុកបន្ទាយស្រី ទទួលបានជ័យលាភីមាន់អាំងឆ្ងាញ់ជាងគេ ប្រចាំខេត្តសៀមរាប

AKP ខេត្តសៀមរាប ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០-

ការប្រកួតដណ្តើមពានរង្វាន់ មាន់អាំងសៀមរាបឆ្ងាញ់ជាងគេ នៅក្នុងកម្មវិធីសម្រាកសៀមរាបបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដោយមានបេក្ខជនចូលរួមប្រកួតចំនួន១២ក្រុម ក្នុង១ក្រុមមានចុងភៅ២នាក់ មកពីបណ្តាស្រុក-ក្រុងចំនួន៩ រួមមាន ក្រុងសៀមរាប ស្រុកពួក ក្រឡាញ់ ប្រាសាទបាគង សូទ្រនិគម វ៉ារិន ស្វាយលើ បន្ទាយស្រី និងស្រុកអង្គរធំ លើបណ្តាក្រុង-ស្រុកទាំង១២របស់ខេត្តសៀមរាប។ ក្រុមអ្នកចូលរួមប្រកួតទាំងនោះ គឺជាអ្នកចំអិនអាហារដែលមានបទពិសោធន៍ ធ្លាប់បម្រើសេវាកម្មនៅតាមភោជនីយដ្ឋាន រមណីយដ្ឋាន និងនៅតាមបណ្តាសហគមន៍ទេសចរណ៍ផងដែរ។ គណៈកម្មការវាយតម្លៃនិងផ្តល់ពិន្ទុមកពីសមាគមចុងភៅកម្ពុជា។ ហើយចំណាត់ថ្នាក់ ដែលក្រុមបេក្ខជនទទួលបានយ៉ាងសុក្រិតនោះ គឺផ្អែកទៅលើលក្ខណៈសម្បត្តិ៤យ៉ាង គឺរសជាតិ សោភ័ណភាពនៃការតុបតែងម្ហូប អនាម័យ និងថេរវេលានៃការចម្អិន។

ថ្វីបើជាមុខម្ហូបមាន់អាំងដូចគ្នា ក៏ប៉ុន្តែឈ្មោះមុខម្ហូបមិនដូចគ្នានោះទេ ដូចជាមាន់អាំងប្រហុកអង្ក្រង មាន់អាំងប្រហុកក្តឹបអម្ពិល-ម្រេច មាន់អាំងម្រេចខ្ចី មាន់អាំងអំបិលម្ទេស ជាដើម។ ជាមួយគ្នានេះ ទឹកជ្រលក់ថ្វីបើត្រូវយករសជាតិប្រហុកខ្មែរជាគោល ក៏ប៉ុន្តែការផ្សំគ្រឿងមិនដូចគ្នាឡើយ គឺផ្អែកតាមបទពិសោធន៍រៀងៗខ្លួន។ យ៉ាងណាក៏ដោយ មាន់និងបន្លែ គឺជាសត្វចិញ្ចឹមនិងដាំដុះតាមបែបធម្មជាតិទាំងអស់។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រកាស និងផ្តល់ជូនពានរង្វាន់ដល់ក្រុមបេក្ខជនជ័យលាភី មាន់អាំងសៀមរាបឆ្ងាញ់ជាងគេ ដែលវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញអំពីការគាំទ្រ និងអបអរសាទរចំពោះព្រឹត្តិការណ៍សម្រាកសៀមរាប ដែលបានប្រព្រឹត្តិទៅប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ អនុវត្តបានយ៉ាងល្អប្រសើរតាមការអំពាវនាវរបស់ប្រមុខនៃរាជរដ្ឋាភិបាល វិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពតេសចរណ៍ លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លទ្ធផលនៃការប្រកួតនេះ ពានរង្វាន់លេខ៣ បានទៅលើក្រុមចុងភៅមកពីភោជនីយដ្ឋានមាន់ដុតម្លប់ស្បូវក្រុងសៀមរាប អមដោយប័ណ្ណសរសើរ និងថវិការ១លានរៀល ពានរង្វាន់លេខ២ បានទៅលើក្រុមចុងភៅមកពីសហគមន៍ទេសចរណ៍ខ្នារពោធិ ស្រុកសូទ្រនគម អមដោយប័ណ្ណសរសើរនិងថវិកាចំនួន១លាន៥សែនរៀល និងពានរង្វាន់លេខ១ បានទៅលើក្រុមចុងភៅសហគមន៍បឹងឈូកស្រុកបន្ទាយស្រី អមដោយប័ណ្ណសរសើរនិងថវិកា២លានរៀល៕

ដោយ៖
ឃុត សៅ សៀមរាប