សម្ដេច​ក្រឡាហោម ស ខេង​៖ ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន មិនត្រូវ​មើលរំលង និង​មើលស្រាល​ចំពោះ​បញ្ហា​នោះទេ ត្រូវ​ដោះស្រាយ​បញ្ហា​ពី​តូច ដើម្បី​កុំឱ្យ​រីក​ទៅជា​ធំ​បាន​

AKP បាត់ដំបង ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០
​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ណែនាំ​ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន មិនត្រូវ​មើលរំលង និង​មើលស្រាល​ចំពោះ​បញ្ហា​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះទេ បើ​មាន​អ្វី​កើតឡើង​ត្រូវ​ចាប់អារម្មណ៍ និង​ដោះស្រាយ​បញ្ហា​ពី​តូច ដើម្បី​កុំឱ្យ​វា​រីក​ទៅជា​ធំ​បាន​។​

​ថ្លែង​ក្នុង​ពិធី​ស​ម្ពោ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពានដែក​បេ​ឡេ​ទី​១ អគារសិក្សា​ពីរ​ខ្នង នៅក្នុង​បរិវេណ​សាលាបឋមសិក្សា ស្វាយព្រៃ និង​អនុវិទ្យាល័យ​ក​ន្ទឺ​១ ស្ថិតក្នុង​ស្រុក​បាណន់ ខេត្ដ​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្ដល់​យុត្តិធម៌ ដោយ​មិនត្រូវ​អាង​លើ​អំណាច ហើយក៏​មិនត្រូវ​អាង​លើ​សាច់ញាតិ ឬ​មនោសញ្ចេតនា​នោះទេ ត្រូវតែ​ប្រកាន់​ភ្ជាប់​នូវ​ភាពយុត្តិធម៌ ដែល​កត្ដា​ទាំងនេះ​ជា​បញ្ហា​គន្លឹះ​ក្នុង​ការកសាង​សង្គម​ឱ្យមាន​ស្ថិរភាព​។ សម្ដេច​ក្រឡាហោម​បាន​បញ្ជាក់ថា “​ឥឡូវ​យើង​មាន​យន្តការ​ដោះស្រាយ​ទំនាស់​ច្រើន ប៉ុន្តែ​ខ្ញុំ​សុំ​សង្កត់ធ្ងន់ថា នៅ​មូលដ្ឋាន​របស់​យើង កន្លងទៅ​វា​មាន​យន្តការ ដែល​ហៅថា យន្តការ​ដោះស្រាយ​ទំនាស់ ក្រៅ​ប្រព័ន្ធតុលាការ យើង​កំពុង​ពង្រឹង​។ សព្វថ្ងៃនេះ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​នេះ​ជាការ​ល្អ​ណាស់ ហើយ​កន្លងមក​យើង​មាន​វេទិកាសាធារណៈ គឺជា​យន្តការ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​”​។
​សម្ដេច​ក្រឡាហោម​បាន​បន្ដថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ពង្រឹង និង​ដោះស្រាយ​ទំនាស់​ផ្សេងៗ ប្រកបដោយ​យុត្តិធម៌ ក៏ដូចជា​តាមរយៈ​ការខិតខំ​កសាង​សង្គម​មួយ ដែលមាន​យុត្តិធម៌ តាំង​ពីលើ​ដល់​ក្រោម​។ សម្ដេច​ក្រឡាហោម​បាន​បន្ដទៀតថា នេះ​គឺជា​ភារកិច្ច ដ៏​សំខាន់​របស់​យើង ហើយ​បន្ដ​ខិតខំ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើ​សកម្មភាព​អ្វី​ដែលមាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មិនត្រូវ​រំលោភបំពាន​ទៅលើ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។ សម្ដេច​ក្រឡាហោម​បាន​ថ្លែង​បញ្ជាក់ថា “​រដ្ឋាភិបាល​មួយ​ខ្លាំង គឺ​រដ្ឋាភិបាល​នោះ អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​គាំទ្រ បើ​រដ្ឋាភិបាល​គ្មាន​ប្រជាពលរដ្ឋ​គាំទ្រ រដ្ឋាភិបាល​នោះ​មិន​ខ្លាំង​ទេ​”​។

​សម្ដេច​ក្រឡាហោម​បាន​លើកឡើងថា ក្នុង​បរិបទ​ដែល​កម្ពុជា​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺ​ការដណ្ដើម​សមាណចិត្ត​របស់​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​។ ជាមួយគ្នានេះ ការខិតខំ​ការកសាង​អំពើ​ល្អ ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ជួយ​ដោះស្រាយ​បញ្ហា​សុខទុក្ខ របស់​ប្រជាពលរដ្ឋ គឺជា​កិច្ចការ​ចម្បង ឬក៏​អាច​និយាយបានថា ការកសាង​ប្រព័ន្ធយុត្តិធម៌ តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម គឺជា​គ្រឹះ​ដ៏​ប្រសើរ ដើម្បី​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ស្ថិរភាព​។
​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​បន្ថែមថា “​យើង​ខិតខំ​ប្រមូល​បញ្ហា ឱ្យបាន​អស់ ហើយ​ដោះស្រាយ ឱ្យបាន​អស់ ឬ​ឱ្យបាន​ច្រើន ក្នុង​ដែន​សមត្ថកិច្ច​របស់​យើង បើ​ដឹង​ហើយ​មិនត្រូវ​ទុកចោល​ឡើយ ហើយ​ការដោះស្រាយ​គឺ​ត្រូវ​ប្រកាន់​ភាពយុត្តិធម៌ នោះ​វា​នឹង​សុខ​សប្បាយ​ហើយ​”៕ ដោយ រិទ្ធី ប្រភព​៖​មន្ទីរ​ព័ត៌មាន​ខេត្តបាត់ដំបង​