ក្រុមការងារសង្គ្រោះបន្ទាន់របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណៈ

AKP ខេត្តសៀមរាប  ថ្ងៃទី១៩ ខែសីហា   ឆ្នាំ២០២០-

ក្នុងឱកាសនៃថ្ងៃឈប់សម្រាកសងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១សីហា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប សហការជាមួយដៃគូពាក់ព័ន្ធ បានរៀបចំកម្មវិធីកម្សាន្តនានា ដើម្បីជាការទាក់ទាញអ្នកទេសចរឱ្យចូលមកទស្សនាខេត្តសៀមរាប។ ប៉ុន្តែអាជ្ញាធរមិនភ្លេចទេនូវវិធានការការពារ បង្ការការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ 

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០២០នេះ ក្រុមការងារសង្គ្រោះបឋមនិងបន្ទាន់របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណៈក្នុងបរិវេណរៀបចំកម្មវិធីផ្សារទឹកនិងការជិះទូកកម្សាន្តនៅមាត់ស្ទឹងសៀមរាប។

លោក ហួត សូនី ប្រធានក្រុមការងារសង្គ្រោះបឋមនិងបន្ទាន់របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងកម្មវិធីសម្រាកសៀមរាបនេះ គឺបានអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ជាចម្បង ដោយក្រុមការងារសង្គ្រោះបឋម និងបន្ទាន់របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានសហការជួយមន្ទីរសុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីសាធារណៈនិងការវាស់កំដៅ និងបាញ់អាល់កុលដល់អ្នកគ្រប់គ្នាទាំងអស់ដែលចូលមកកម្សាន្ត នៅក្នុងកម្មវិធីនេះ។ ហើយបើមានករណីចាំបាច់ក្រុមការងារនិងការបាញ់ថ្នាំសម្លាប់មេរោគនៅទីសាធារណៈនេះ នឹងធ្វើឡើងពីរលើកទៅបីលើកក្នុងមួយថ្ងៃ ប៉ុន្តែបើគ្មានអ្វីចាំបាច់ទេ គឺបាញ់តែមួយលើកទេក្នុងមួយថ្ងៃ។ដោយឡែកសម្រាប់ការវាស់កំដៅ និងបាញ់អាល់កុលដល់អ្នកគ្រប់គ្នាទាំងអស់ដែលចូលមកកម្សាន្ត គឺធ្វើជាប្រចាំ។

  លោកបានបន្តថា ក្រុមការងារនេះ បានចែកចេញជាច្រើនក្រុមដោយក្រុមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាទទួលខុសត្រូវនៅបរិវេណកម្មវិធីនៅមាត់ស្ទឹងសៀមរាបនិងខាងមន្ទីរសុខាភិបាលទទួលបន្ទុកនៅកន្លែងតាំងពិព័រណ៍និងនៅផបស្រ្ទិត។

ចំពោះវិធានការការពារជំងឺឆ្លង កូវីដ១៩ របស់សហភាពសហព័ន្ធយុវជន និងអាជ្ញាធរខេត្តសៀមរាបនេះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាអ្នកទេសចរជាតិ បានសម្តែងនូវការពេញចិត្ត និងកក់ក្តៅ ដោយពួកគាត់បានអះអាងថា អាជ្ញាធរខេត្តសៀមរាប ធ្វើបានល្អបំផុត៕

ដោយ ឃុត សៅ សៀមរាប