អ្នកនាំពាក្យក្រសួងសុខាភិបាល៖ គោលការណ៍របស់ក្រសួង គឺធ្វើការដោយតម្លាភាព និងទទួលខុសត្រូវខ្ពស់បំផុត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងជាថ្មីថា ក្រសួងតែងតែចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញអ្នក វិជ្ជមានវីរុសកូវីដ-១៩ ថ្មី  អ្នកព្យាបាលជាសះស្បើយ  និងអ្នកកំពុងនៅសម្រាកព្យាលបាលក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន ប្រកបដោយតម្លាភាព  និងទទួលខុសត្រូវខ្ពស់បំផុត ដោយមិនមានការលាក់លៀមព័ត៌មានអ្វីទាំងអស់  ហើយក៏មិនមានការបាត់ករណីអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅក្នុងប្រទេសកម្ពុជានោះទេ។  

ឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយដោយសារព័ត៌មាន The Cambodia Daily ដែលដាក់ចំណងជើងថា “Mystery in Cambodia over missing Covid-positive Chinese – The Cambodia Daily” និងការចុះផ្សាយរបស់សារព័ត៌មាន UCA News ដែលមានចំណងជើងថា  “Mystery in Cambodia over missing Covid-positive Chinese – UCA News” ដែលបាន ចុះផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា៖ “ការចុះផ្សាយនេះ គឺជាការផ្សាយព័ត៌មានមិនត្រឹមត្រូវ ហើយការដែលបានសរសេរថា ក្រសួងសុខាភិបាលព្រួយបារម្ភពីករណីជនជាតិចិនចំនួន ០៦នាក់ ដែលបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ហើយស្ថានទូតចិនប្រចាំនៅកម្ពុជា  បានជម្រុញមិនឱ្យមានការដាក់បញ្ចូលក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ជូនសាធារណជន ជាប្រចាំថ្ងៃនោះ ក៏ជាព័ត៌មានមិនពិតផងដែរ ព្រោះថាករណីជនជាតិចិនទាំង ០៦នាក់ ដែលបានលើកឡើងក្នុងសារព័ត៌មាននោះ គឺពួកគាត់ទាំង ០៦នាក់នេះ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ដែលមិនមានភាពចាំបាច់ដែលត្រូវរាយការណ៍ជាសាធារណ: ដូចដែលក្រសួង  មិនបានរាយការណ៍នូវរាល់បុគ្គលដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ដូច្នោះដែរ”។

ហេតុដូច្នេះហើយ ទើបក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវព័ត៌មានក្លែងក្លាយ របស់សារព័ត៌មាន The Cambodia Daily និង UCA News ដែលបានចុះផ្សាយខុសពីការពិតទាំងស្រុង ដែលបណ្តាលឱ្យមានការយល់ច្រលំពីសាធារណជន ក៏ដូចជាបង្កឱ្យមានការមន្ទិលសង្ស័យដល់វិធានការ និងការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដែលបាន និងកំពុងអនុវត្តវិធានការនានាដើម្បីការពារ និងទប់ស្កាត់វីរុសកូវីដ-១៩ នៅកម្ពុជា ដោយលោកជំទាវវេជ្ជបណ្ឌិត បានអះអាងជាថ្មីថា៖ “គោលការណ៍របស់ក្រសួងសុខាភិបាល គឺធ្វើការដោយតម្លាភាព និងទទួលខុសត្រូវខ្ពស់បំផុត”។

ដោយឡែកទាក់ទិនទៅនឹងករណីជនជាតិវៀតណាមចំនួន ០២នាក់ ដែលបានលួចគេចចេញពីមណ្ឌលចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ លោកជំទាវអ្នកនាំពាក្យ បានឱ្យដឹងផងដែរថា៖ “ពិតជាមានករណីជនជាតិវៀតណាមដែលជាស្ត្រីអាយុ ៣៧ឆ្នាំ  និងកូនប្រុសអាយុ ១៣ឆ្នាំ បានលួចចេញពីមណ្ឌលចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង ពិតប្រាកដមែន ប៉ុន្តែស្តី្ររូបនេះ និងកូន ត្រូវបានរកឃើញនៅថ្ងៃដដែល បន្ទាប់ពីបានគេចមកកាន់ខេត្តកំពង់ឆ្នាំង ហើយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអប់រំ និង ណែនាំពន្យល់ដល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡីស័កឱ្យគ្រប់ចំនួន ១៤ថ្ងៃ  ដោយរាប់សារឡើងវិញ និងដោយមានការសន្យាថាមិនរត់ទៀតទេ។ ខណៈពេលនេះ ស្ត្រីរូបនេះ និងកូន ត្រូវបានដាក់ឱ្យសម្រាកនៅមណ្ឌលចត្តាឡីស័កកម្រិត២ សាលាគំរូក្រុង ខេត្តកំពង់ឆ្នាំង ហើយក្រុមការងារនៃមន្ទីរសុខាភិបាល នឹងធ្វើតេស្តសំណាករបស់ស្ត្រីរូបនេះ និងកូន បន្តទៀត” ។  

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ពុំមានករណីឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣ថ្ងៃជាប់ៗគ្នាមកហើយ ខណៈពេលដែលករណីជាសះស្បើយសរុប កើនឡើងដល់ចំនួន ២៥១នាក់ ក្នុងចំណោមករណីឆ្លងសរុបទូទាំងប្រទេសចំនួន ២៧៣នាក់ និងពុំមានករណីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕ដោយ៖ផែន រតនៈ