សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ការពារសុខសុវត្ថិភាពឱ្យបានល្អក្នុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០—

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អ នៅក្នុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នេះ។

នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា រីករាយថ្ងៃឈប់សម្រាក ១៧- ២១ ។ សូមថែរក្សាសុវត្ថិភាពសុខភាពចៀសវាងការឆ្លងជំងឺកូវីដ-១៩ សូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ចៀសវាងធ្វើដំណើរជាមួយអ្នកមានអាការៈក្តៅខ្លួន និងផ្លូវដង្ហើម…។ល។ និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ដេចតេជោបន្តថា ក្រៅពីសុវត្ថិភាពសុខភាព សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់ឱ្យគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងកុំឱ្យមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អនៅក្នុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នេះ៕ ដោយ ជឹម ណារី