បទយកការណ៍៖ ពង្រូល ជាប្រភេទថនិកសត្វមួយប្រភេទ ដែលត្រូវបានជួញដូរច្រើនជាងគេបំផុតនៅក្នុងពិភពលោក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ —

យោងតាមការសិក្សាស្រាវជ្រាវ និងតាមអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា សត្វពង្រូលជាប្រភេទថនិកសត្វ ដែលត្រូវបានជួញដូរច្រើនជាងបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិ ដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបូរាណ ថ្នាំប៉ូវសុខភាព ក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ។

សត្វពង្រូលជាប្រភេទសត្វដែលស្លូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ ស្ទើរពេញដងខ្លួន ហើយជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួនដើម្បីការពារខ្លួន។ ពង្រូល ស៊ីសត្វល្អិតជាចំណី ដូចជាស្រមោច អង្ក្រង និងកណ្ដៀរជាដើម តាមរយៈអណ្តាតដែលមានប្រវែងប្រមាណ ២៥សង់ទីម៉ែត្រ របស់វា។ ជាទូទៅពង្រូលអាចបង្កើតកូនបានម្ដង១ ទៅ ២ក្បាល ក្នុងរយៈពេលពពោះប្រមាណ៥ខែ ខណៈអាយុពេញវ័យអាចបន្តពូជបាន គឺក្នុងអំឡុងពេលអាយុ២ឆ្នាំ ហើយជាទូទៅពង្រូលអាចរស់នៅបានរហូតដល់អាយុ២០ឆ្នាំ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់សត្វពង្រូលនៅកម្ពុជាវិញ លោក Olly Griffin ដែលជាទីប្រឹក្សាបច្ចេកទេស នៃអង្គការ WCS នៅកម្ពុជា បានគូសបញ្ជាក់ថា៖ “ប្រទេសកម្ពុជា គឺជាជម្រករស់នៅរបស់សត្វពង្រូលមួយប្រភេទមានឈ្មោះថា Sunda Pangolin ឬ Malayan or Javan pangolin ដែលមានឈ្មោះវិទ្យាសាស្រ្តថា Manis javanica។ ក្នុងនោះពង្រូលនៅប្រទេសកម្ពុជា កំពុងរងហានិភ័យនៃការជួញដូរជាលក្ខណៈពាណិជ្ជកម្មអន្តរជាតិផងដែរ ដោយមានឈ្មួញលួចប្រមូលទិញ និងនាំចេញទៅកាន់ប្រទេសចិន និងវៀតណាម ដែលកត្តានេះហើយធ្វើឱ្យចំនួនរបស់សត្វពង្រូលកំពុងបន្តធ្លាក់ចុះជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ”។

តាមច្បាប់ស្តីពីព្រៃឈើ របស់ព្រះរាជាណាចក្រកម្ពុជា មាត្រាទី៤៩ បានចែងថា ការគំរាមកំហែង បរបាញ់ ដាក់អន្ទាក់ ដាក់ថ្នាំបំពុល ទិញលក់ឬជួញដូរ ចិញ្ចឹម ដឹកជញ្ជូន។ល។ នៃសត្វពង្រូល នឹងប្រឈមផ្លូវច្បាប់ ហើយអាចជាប់ទោសរហូតដល់៥ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ១០លានរៀល។ ប៉ុន្តែបើទោះបីជាមានច្បាប់ការពារ មានក្រសួងស្ថាប័ន និងអង្គការជាដៃគូជាច្រើនចូលរួមការងារអភិរក្សសត្វពង្រូលនេះក៏ដោយ ប៉ុន្តែពង្រូល បាននិងកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ដោយការប្រមាញ់ ដើម្បីយកទៅធ្វើជាឱសថបូរាណ ឱសថប៉ូវសុខភាព និងអាចព្យាបាលជំងឺជាដើម ដោយមានអ្នកលួចប្រមាញ់ និងមានឈ្មួញលួចប្រមូលទិញដោយលួចលាក់ រួចនាំចេញទៅក្រៅប្រទេស។

លោក Olly Griffin បានបញ្ជាក់បន្ថែមថា ៖ “ការជួញដូរសត្វពង្រូល គឺដូចគ្នានឹងការជួញដូរសត្វខ្លាដំបងផងដែរ គឺតាមរយៈការលាយឈាមសត្វទាំងពីរនេះ ចូលគ្នាជាមួយស្រា (ពេលខ្លះអាចមានរហូតដល់ដាក់សាកសពសត្វទាំងមូលនៅក្នុងធុងស្រាក៏មាន) ដើម្បីផលិតជាស្រាឱសថបូរាណ ឬក៏ស្រាប៉ូវសុខភាព ហើយដែលពុំមានលក្ខណៈវេជ្ជសាស្រ្តណាមួយសោះ ប៉ុន្តែបែរជាអ្នកប្រើប្រាស់ ជឿទៅលើរឿងដែលមិនគួរឱ្យជឿនេះទៅវិញ ហើយហ៊ានរហូតដល់ទិញក្នុងតម្លៃដ៏ខ្ពស់ក៏មាន”។

ថ្លែងក្នុងន័យស្រដៀងគ្នានេះដែរ ពាក់ព័ន្ធនឹងលក្ខណៈវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្ត ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ឈាម ឬស្រកា ឬក៏ផ្នែកណាមួយនៃសត្វពង្រូល ក៏ដូចជាសត្វព្រៃដទៃទៀត គឺពុំមានលក្ខណៈវេជ្ជសាស្រ្ត ឬវិទ្យាសាស្រ្តណាមួយអះអាងនោះទេថា អាចផ្សំ ឬលាយជាមួយអ្វីមួយ ដើម្បីចេញជាថ្នាំព្យាបាល ថ្នាំបង្កើនសុខភាព ឬជំនួយសុខភាពនោះទេ ប៉ុន្តែវាអាចជាប្រភពចម្លងជំងឺពីសត្វនោះមកមនុស្សទៅវិញទេ។ ឯកឧត្តម លី សូវ៉ាន់ បានសង្កត់ធ្ងន់ថា៖ “នោះគឺជាការជឿតៗគ្នា ដែលគ្មានលក្ខណៈវិទ្យាសាស្រ្តទាល់តែសោះ”។

យោងតាមការផ្សាយនៅក្នុងគេហទំព័រ របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានប៉ាន់ស្មានថា មានសត្វពង្រូលប្រមាណ ១លានក្បាល ត្រូវបានធ្វើការជួញដូរក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះ ខណៈសត្វពង្រូលប្រមាណ ១៩៥ ០០០ក្បាល ត្រូវបានជួញដូរ នៅក្នុងឆ្នាំ២០១៩ សម្រាប់តែស្រកាមួយមុខ។ ដោយឡែកនៅកម្ពុជាវិញ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៨ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា សហការជាមួយអង្គការដៃគូ បានចាប់រឹបអូសសត្វពង្រូលបានចំនួន ៥៥៨ក្បាល ពីពួកអ្នកប្រមាញ់ និងឈ្មួញកណ្តាល ដែលកត្តានេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃការធ្វើពាណិជ្ជកម្មខុសច្បាប់ នៃសត្វពង្រូលនៅក្នុងប្រទេសកម្ពុជា។
ដោយមើលឃើញពីការគំរាមកំហែងនេះ ទើបអង្គការ WCS ដោយមានការគាំទ្រពីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមការពារ និងអភិរក្ស ប្រភេទថនិកសត្វនេះ នៅតាមតំបន់ការពារធម្មជាតិធំៗ រួមទាំងតំបន់ដែលត្រូវបានគេរកឃើញពង្រូលរស់នៅផងដែរ។ អង្គការWCS ក៏បាន និងកំពុងធ្វើការជាមួយនឹងសហគមន៍មូលដ្ឋាន ដើម្បីជំរុញជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការគាំទ្រ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ការអប់រំផ្សព្វផ្សាយអំពីការងារអភិរក្ស ការជ្រើសរើសមុខរបរផ្សេងៗក្រៅពីបរបាញ់សត្វ ដែលជាផែនការរយៈពេលវែងក្នុងការចូលរួម កាត់បន្ថយសម្ពាធក្នុងការសម្លាប់សត្វព្រៃនៅកម្ពុជាដោយខុសច្បាប់។

សត្វពង្រូលត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN: International Union for Conservation of Nature) ជាប្រភេទសត្វកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងបំផុត (Critically endangered) ឈានទៅរកការផុតពូជ នៅលើពិភពលោក៕

ដោយ ផែន រតនៈ រូបថត៖ WCS