សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ពន្យារពេលផ្លាស់ប្ដូរវេនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជានៅក្រៅប្រទេស

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០

ដោយមើលឃើញពីហានិភ័យខ្ពស់ក្នុងករណីឆ្លងវីរុសកូវីដ-១៩ លើកងកម្លាំងរក្សាសន្តិភាពមួកខៀវកម្ពុជា ដែលវិលត្រឡប់មកពីបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅក្រៅប្រទេសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិពន្យារពេលផ្លាស់ប្ដូរវេនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជានៅក្រៅប្រទេសមួយរយៈ។

ក្នុងពិធីសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កាលពីថ្ងៃសុក្រកន្លងទៅ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្ដេចបានប្រាប់ទៅ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឱ្យទាក់ទងទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ដើម្បីធ្វើការពន្យារពេលការផ្លាស់ប្ដូរកងកម្លាំងមួកខៀវ។ សម្តេចតេជោបានបន្តថា បើយោងទៅលើរបាយការណ៍របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីម្សិលមិញនេះ គឺតំណាងអចិន្ត្រៃយ៍របស់កម្ពុជា នៅអង្គការសហប្រជាជាតិ បានជួបអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកងកម្លាំងរក្សាសន្តិភាព ដោយភាគីកម្ពុជា បានលើកសំណើឱ្យមានការពន្យារពេលនៃការផ្លាស់ប្ដូរកងកម្លាំងរក្សាសន្តិភាព ព្រោះនៅពេលខាងមុខ អាចត្រូវដោះដូរកម្លាំងរហូតដល់ជាង៤០០នាក់ឯណ្ណោះ បើដូច្នេះហានិភ័យនៃការនាំចូលកូវីដ-១៩ ពីប្រទេសក្រៅនៅតែខ្ពស់។ សម្ដេចតេជោ ហ៊ុន សែនបានលើកឡើងថា កម្ពុជាមិនស្នើដើម្បីទុកកងទ័ពខ្លួននៅទីនោះរហូតទេ គ្រាន់តែស្នើសុំរក្សាពួកគាត់នៅទីនោះមួយរយៈ។ សម្ដេចតេជោក៏បានសុំការអធ្យាស្រ័យ និងយោគយល់ចំពោះប្រជាពលរដ្ឋខ្មែរ និងនិស្សិត ដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី ហើយរាជរដ្ឋាភិបាលជួយឧបត្ថម្ភពួកគេនៅក្នុងប្រទេសនោះ។ សម្ដេចតេជោហ៊ុន សែន បានអំពាវនាវសុំការយោគយល់ពីកងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងស្ថិតនៅក្រៅប្រទេស ចំពោះការស្នើសុំពន្យារពេលការផ្លាស់ប្ដូរកងកម្លាំងមួកខៀវនៅអង្គការសហប្រជាជាតិ ហើយសម្ដេចក៏ស្នើសុំឱ្យមានការយោគយល់ពីសំណាក់ក្រុមគ្រួសារកងកម្លាំងមួកខៀវ រួមទាំងកងកម្លាំងដែលត្រៀមចេញទៅក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពកម្ពុជា ជាង៨០០នាក់ កំពុងបំពេញបេសកម្មនៅប្រទេសចំនួន៨គឺ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ឆាដ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៦ពាន់នាក់ហើយ ទៅបំពេញបេសកកម្មក្នុងប្រទេសទាំង៨នេះ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕

ដោយ ជឹម ណារី