រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ​​ក្រើនរំលឹកដល់មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធ​ ឲ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់បន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត​

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០–

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តមកើតរិទ្ធបានធ្វើការក្រើនរំលឹកដល់មន្ត្រីអនុវត្តច្បាប់និង​អ្នកពាក់ព័ន្ធទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋនិងដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមជាតិយើង​ទាំងមូល។
ការថ្លែងជំរុញយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមដឹកនាំក្រុមការងារចុះដុតកម្ទេចចោល គ្រឿងញៀនជិត១០០គីឡូក្រាមប្រមូលបានពីខេត្តចំនួន៤មានបន្ទាយមានជ័យ,ឧត្តរមានជ័យ,សៀមរាមនិងកំពង់ធំក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២០នេះដែលបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យមានជ័យស្ថិតជាយក្រុងសិរីសោភ័ណ​ខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករនោះ។

ក្នុងឱកាសនេះដែរ ​ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មន្ត្រីតុលាការ មន្ត្រីនគរបាលយុតិ្តធម៌ របស់ខេត្តទាំង៤ ក៏ដូចជាស្ថាប័នអនុវត្តច្បាប់ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។

​​ជាមួយនេះដែរ ​​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានរំលឹកជូនអង្គពិធីនូវខ្លឹមសារ នៃសារលិខិតមួយច្បាប់របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ នៅក្នុងឱកាស នៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅកម្ពុជា ដែលក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា«អ្នកញៀនគ្រឿងញៀនដែលជាជនរងគ្រោះពិតប្រាកដ ត្រូវបានយកចិត្តទុកដាក់ ដោះស្រាយ និងជួយសង្គ្រោះឱ្យបានសមស្រប ប៉ុន្តែឧក្រិដ្ឋជន និងជនលើ្មសពាក់ព័ន្ធ នឹងការផលិត ការកែច្នៃ ការរក្សាទុក ការជួញដូរ និងការចរាចរគ្រឿងញៀនខុសច្បាប់គឺត្រូវតែបានផ្តទ្ទាទោសយ៉ាងតឹងរឹងទៅតាមនីតិវិធីនៃ​ច្បាប់»។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលដុតកម្ទេចចោលនៅថ្ងៃនេះមានទម្ងន់៩៣គីឡូក្រាមត្រូវបានប្រមូលពី៤ខេត្ត​រួមមាន​ ខេត្តបន្ទាយមានជ័យ មានគ្រឿងញៀនទំងន់២៣គីឡូក្រាម ខេត្តឧត្តរមានជ័យមានគ្រឿងញៀនទំងន់៩គីឡូក្រាម ខេត្តសៀមរាបមានគ្រឿងញៀនទំងន់ ៥៨គីឡូក្រាមនិង ខេត្តកំពង់ធំ មានគ្រឿងញៀនទំងន់៦ក្រាម ​។

គួរបញ្ជាក់ផងដែរថាយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ត្រូវបានរាជរដ្ឋាភិបាល ប្រកាសដាក់ចេញជាលើកដំបូង នៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកប ដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះត្រូវបានអនុវត្តជាបន្តបន្ទាប់បានចំនួន៥លើករួចមកហើយ។

គិតត្រឹមរយៈពេល៨ខែ ដើមឆ្នាំ២០២០នេះ ​ ​បានបង្រ្កាបបទល្មើសគ្រឿងញៀនជាច្រើន ក្នុងនោះជនសង្ស័យចំនួនជាង៦៧០០០នាក់ត្រូវបានឃាត់ខ្លួននិងគ្រឿងញៀនគ្រប់ប្រភេទ​សរុបជាង ២៣០០ គីឡូក្រាម ត្រូវបានដកហូតបំផ្លាញចោលជាបន្តបន្ទាប់៕


ដោយ៖ ឈុនសារ៉ាត