អាជ្ញាធរអប្សរាស្នើឱ្យប្រជាពលរដ្ឋដែលមកម្សាន្តនៅរមណីយដ្ឋានអង្គរនៅថ្ងៃសម្រាកនេះសូមចូលរួមថែរក្សា អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ឱ្យបានល្អ

AKP សៀមរាបថ្ងៃទី១៥ខែសីហាឆ្នាំ២០២០-

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១៤ខែសីហាឆ្នាំ២០២០នេះថា តាមការរំពឹងទុករបស់អាជ្ញាធរជាតិអប្សរានិងអាជ្ញាធរខេត្តសៀមរាប នៅក្នុងអំឡុងពេលសម្រាកសងថ្ងៃបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៧ដល់២១ខែសីហានេះអ្នកទេសចរជាតិ ដែលមកកម្សាន្តនៅខេត្តសៀមរាបច្រើន ជាពិសេសគឺនៅតំបន់រមណីយដ្ឋានអង្គរនេះតែម្តង។ ដូចនេះ អាជ្ញាធរជាតិអប្សរាស្នើឱ្យអ្នកទេសចរទាំងអស់ ចូលរួមថែរក្សា អនាម័យ បរិស្ថាន និងសណ្តាប់ឱ្យបានល្អ ដូចជា ចតរថយន្តនៅចំណតដែលអាជ្ញាធរអប្សរាបានរៀបចំជូនឱ្យមានរបៀបរៀបរយ សូមកុំបោះចោលសំរាមឬកាកសំណលផ្សេងៗពាលវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទូទៅ នៅក្នុងរមណីយដ្ឋានអង្គរ។ ដែលកត្តានេះ គឺធ្វើឡើងដើម្បីជាការគោរពដល់ព្រលឹងដូនតាអ្នកកសាងអង្គរ ក៏ដូចជាឱ្យតំម្លៃដល់រមណីយដ្ឋានអង្គរ ដែលជាអត្តសញ្ញាណជាតិរបស់យើង។

  លោក ឡុង កុសល បានបញ្ជាក់ថា ឥឡូវនេះ នៅក្នុងរមណីយដ្ឋានអង្គរបានធ្វើការអភិវឌ្ឍជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អសោភណ្ឌភាព ជាពិសេសនៅបរិវេណមុខប្រាសាទអង្គរវត្តបានកំពុងតែធ្វើការកែលម្អជាច្រើន ដូចជាការដាំស្មៅ ដាំដើមឈើប្រណិតៗ ដើមផ្កាជាច្រើនប្រភេទ ការរៀបចំទីលានបដិសណ្ឋាកិច្ច ដែលធ្វើឱ្យបរិវេណមុខប្រាសាទអង្គរវត្តមានភាពស្រស់ស្អាតជាងមុន។ ដូច្នេះភ្ញៀវទេសចរ ដែលមកកម្សាន្តនៅអង្គរទាំងអស់ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឱ្យរមណីយដ្ឋានអង្គរមានភាពបៃតង និងមានស្រស់បំព្រងជានិច្ច៕

ដោយ ឃុត សៅ