សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវតែមានភាពច្បាស់លាស់និងម្ចាស់ការលើការងារជាអាទិភាពចម្បងពីរគឺ បន្តរក្សានូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចឱ្យបាន ល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បើទោះបីពិភពលោកនៅបន្តស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ នៅ ឡើយអំពីថ្នាំព្យាបាលជំងឺកូវីដ-១៩ កម្ពុជាត្រូវតែមានភាពច្បាស់លាស់និងម្ចាស់ការលើការងារជាអាទិភាពចម្បងពីរគឺទី១-ការបន្តរក្សានូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និង ទី២-ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ ទប់ស្កាត់អតិផរណានិងការឡើងថ្លៃទំនិញក្នុងទីផ្សារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចេញផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំនេះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវអនុវត្តន៍ទិសដៅភារកិច្ចចំនួន៥ ដែលក្នុងនោះរួមមាន ភារកិច្ចទី១ បន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កុំឱ្យឆ្លងរីករាលដាលក្នុងសហគមន៍ ហើយត្រូវបន្តអនុវត្តន៍និងចាត់វិធានការសុខាភិបាលឱ្យបានដិតដល់ នៅកន្លែងដែលមានភ្ញៀវទេសចរទៅកម្សាន្ត ពិសេសក្នុងកំឡុងពេលឈប់សម្រាកខាងមុខនេះ ដើម្បីថែរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល ត្រូវខិតខំស្ថាបនាមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តមើលមេរោគកូវីដ-១៩ បន្ថែមពីលើមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ នៅខេត្តសំខាន់ចំនួន៣ទៀតគឺ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

ភារកិច្ចទី២ បន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពចរាចរណ៍ ដើម្បីការពារភាពសុខសាន្តនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ភារកិច្ចទី៣ បន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំនួនពីរខែទៀត។

ភារកិច្ចទី៤ ជំរុញនិងលើកទឹកចិត្តការបង្កបង្កើនផលក្នុងវិស័យកសិកម្ម ដោយប្រមូលផ្ដុំឡើងវិញនូវកម្លាំងពលកម្មពីវិស័យសេវាកម្មនិងឧស្សាហកម្ម ដែលបាននិងកំពុងរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីគាំទ្រដល់ផលិតកម្មកសិកម្មសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅទីផ្សារក្រៅប្រទេស ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករទូទាំងប្រទេស ឱ្យធ្វើការចិញ្ចឹមត្រីអណ្ដែង ឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកនិងគាំទ្រដល់ការនាំចេញទៅលក់នៅក្រៅប្រទេស។

ភារកិច្ចទី៥ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយត្រូវបែងចែកទៅតាមដំណាក់កាល និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។ចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវមានការបាញ់ថ្នាំសម្លាប់មេរោគឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាពិសេសអគារសិក្សាដែលធ្លាប់បានប្រើប្រាស់ធ្វើជាមណ្ឌលចត្តាឡីស័ក។

សម្តេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះសមត្ថភាពនិងការទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលកម្ពុជា ដែលបានខិតខំរួមចំណែកលើកកម្ពស់គុណភាពវិស័យសុខាភិបាលក្នុងស្រុកឱ្យមានការរីកចម្រើនគួរជាទីមោទនៈ ខណៈដែលតម្រូវការនៃសេវាសុខាភិបាល ក្នុងស្រុកនាពេលបច្ចុប្បន្នមានការកើនឡើង ដែលជាការជំនួសការចេញទៅព្យាបាលនៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងវិបត្តិនៃជំងឺកូវីដ-១៩។

ជាងនេះទៀត រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណចំពោះគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាជនទូទាំងប្រទេស ដែលបានខិតខំនិងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមកនៅព្រះរាជាណាចក្រកម្ពុជា៕ ដោយ ជឹម ណារី