រដ្ឋមន្រ្ដីក្រសួងធម្មការអរគុណដល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិដែលបានបង្កើតឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល ដើម្បីលើក​​​ស្ទួយវិស័យពុទ្ធសាសនានៅ​​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបានថ្លែងអំណរព្រះគុណ និងអរព្រះគុណដល់សម្ដេចព្រះអគ្គាធិការ សម្ដេចព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិដែលតែងតែបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអប់រំ ផ្នែកពុទ្ធិកសិក្សាសំដៅរួមចណែក​​​​​​​​​​​​​កសាងធនធានមនុស្សនិងលើក​​​ស្ទួយកិត្យានុភាពវិស័យពុទ្ធសាសនានៅកម្ពុជាឱ្យកាន់តែភាពល្បាញល្បីបន្ថែមទៀត។ ការលើកឡើងរបស់ឯកឧត្ដម​រដ្ឋមន្រ្ដីនេះ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនបឋមសិក្សាចំនួន៦០រូប ក្នុងឆ្នាំសិក្សា២០២០-២០២១ កាលពីថ្ងៃពហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ នេះបើយោងតាមក្រសួងធម្មការ និងសាសនា។

ឯកឧត្តម ឈិត សុខុន បានកោតសរសើរដោយស្មោះ ចំពោះសម្ដេចគ្រប់ព្រះអង្គ ដែលជាថ្នាក់ដឹកនាំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលបានខិតខំប្រឹងប្រែងពុះពាររៀបចំដំណើរការវគ្គបណ្ដុះបណ្ដាលនេះឡើង ប្រកបដោយភាពរលូន និងជោគជ័យបើទោះជាស្ថិតក្នុងស្ថានភាពវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ឯកឧត្ដមបានមានប្រសាសន៍ផ្តាំផ្ញើរប្រគេន និងជូនដល់សម្ដេចព្រះគណៈគ្រប់គ្រងនៃអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិ សូមបន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលដល់គណៈគ្រប់គ្រងសាលា ក៏ដូចជាគ្រូបង្រៀនគ្រប់កម្រិតបន្ថែមទៀត ក្នុងបព្វហេតុពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការអប់រំរបស់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីជាប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនស្របតាមការវិវត្តន៍ នៃសម័យកាលបន្ថែមមួយកម្រិតទៀត។

ឯកឧត្ដមរដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមាន សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំគិតគូរ និងយកចិត្តទុកដាក់ជានិច្ចលើវិស័យសាសនា ជាពិសេសវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាវិស័យពុទ្ធិកសិក្សា តាមរយៈការឧបត្ថម្ភគាំទ្រទាំងបញ្ញា ស្មារតី និងសម្ភារ ព្រមទាំងផ្ដល់នូវអនុសាសន៍ល្អៗសម្រាប់ជាទិសដៅអនុវត្តន៍បន្ត ជាក់ស្ដែងតាមអនុក្រឹត្យលេខ ១៦២ អនក្រ.បក សម្ដេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចផ្ដល់បច្ច័យនិច្ចភត្តប្រគេនដល់ព្រះមន្រ្តីសង្ឃ និងគ្រូបង្រៀនជាព្រះសង្ឃគ្រប់កម្រិតសិក្សាផងដែរ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនពុទ្ធិកបឋមសិក្សាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ របស់ព្រះសិរីវសុទ្ធិ សុខ សុភាព ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ និងតាមការសង្កេត និងវាយតម្លៃរបស់គណៈកម្មការរៀបចំវគ្គបណ្ដុះបណ្ដាលនេះបានបង្ហាញឱ្យឃើញថា សិក្ខាកាមមានការចូលរួមយ៉ាងសកម្មក្នុង ការពិភាក្សា ការសួសំណួរ និងការយកចិត្តទុកដាក់ ក្នុងការក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងវិធីសាស្រ្តថ្មីៗ ដែលគ្រូឧទ្ទេសបានធ្វើបទបង្ហាញ

ដោយ ឡុង ស៊ីវ៉ាន់