អភិបាលខេត្តកំពតលើកឡើងថា អភិបាលក្រុង ស្រុក ត្រូវបង្កើនសកម្មភាព ដោះស្រាយបញ្ហា និងទប់ស្កាត់ជំងឺកូវីដ ១៩ នៅតាមមូលដ្ឋាន

AKP កំពត ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

អភិបាលខេត្តកំពតបានលើកឡើងថា រដ្ឋបាលក្រុង ស្រុក កម្លាំងសមត្ថកិច្ចត្រូវបង្កើន ការយកចិត្តទុកដាក់ចុះពិនិត្យ ពិភាក្សា ដើម្បីរកវិធីដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសត្រូវរួមសហការគ្នាបំផុសប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យបន្តអនុវត្តន៍វិធានការអនាម័យ  អនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា  និងតាមការណែនាំរបស់ក្រសួងសុខាភិ បាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩  កុំឱ្យឆ្លងចូលដល់សហគមន៍ ពិសេសនៅក្នុង ថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានលើកឡើងថា គណៈបញ្ជាការឯកភាព គឺជាបញ្ជាការឯកភាពតែមួយ ដែលមានការចូលរួមពីមន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធទូទាំងខេត្ត។ ដូច្នេះហើយ ថ្នាក់ដឹកនាំជុំវិញខេត្ត ត្រូវរួបរួមគ្នាពិនិត្យ ពិភាក្សារាល់បញ្ហា ដែលកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តគ្រប់គ្រង និងត្រូវធ្វើសេចក្តីរាយការណ៍ ពីបញ្ហាប្រឈម ដើម្បីរកវិធីដោះស្រាយតាមគ្រប់មធ្យោបាយ សំដៅធ្វើឱ្យល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ទាំងថ្នាក់ ខេត្ត ក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់សង្កេត ពិនិត្យ និងវាយតម្លៃ រាល់បញ្ហា និង រាល់សកម្មភាព ឬហេតុការណ៍ដែលកើតនៅក្នុងបណ្ដាក្រុង ស្រុក  គណៈបញ្ជាការ ឯកភាពក្រុង ស្រុក ត្រូវមានវិធានការ និងធ្វើសកម្មភាពដោះស្រាយ ដោយផ្ទាល់ ប៉ុន្តែក្នុង ករណីការដោះស្រាយហើយ ពុំទទួលបានលទ្ធផល ត្រូវរាយការណ៍មក ខេត្ត ដើម្បីសហការ គ្នាអនុវត្តន៍ធ្វើយ៉ាងណា ដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យបង្កើនការយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានកាន់តែ ប្រសើរថែមទៀត ពិសេស សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ហើយ អាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានល្អ ទប់ស្កាត់រាល់ បទល្មើសផ្សេងៗ ដែលជនល្មើសតែងឆ្លៀតឱកាសក្នុងថ្ងៃឈប់សម្រាក។ បន្តផ្សព្វផ្សាយ អប់រំណែនាំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ  ដើម្បីឱ្យពលរដ្ឋបន្តអនុវត្តន៍តាម ចំណាត់ការរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ពិសេសវិធានការបង្ការទប់ ស្កាត់ជំងឺកូវីដ១៩ ឱ្យកាន់តែប្រសើរ ចៀសផុតពីការចម្លងទៅក្នុងសហគមន៍ ឬមូលដ្ឋាននៅ ក្នុងឱកាសឈប់សម្រាកពីការងារនោះ៕

ដោយ ប្រាក់ លាង