អនុប្រធានទី១ ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធអតីតអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណា ចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហានេះ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរព វិញ្ញាណក្ខន្ធ ឯកឧត្តម ឡឺ ខា ភៀវ (Le Kha Pieu) អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងសារលិខិតរំលែកទុក្ខរបស់ព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តម ឡឺ ខាភៀវ បាន ទទួលមរណភាព កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមព្រឹទ្ធសភា និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការចូលរួម រំលែកទុក្ខ ដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម។

ឯកឧត្តម ឡឺ ខាភៀវ (Le Kha Pieu) ជាឥស្សរជនដឹកនាំជាន់ខ្ពស់វៀតណាម ដ៏សំខាន់ម្នាក់ និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។ ស្នាដៃជាប្រវត្តិសាស្ត្រ និងគំរូដ៏ឆ្នើមរបស់ ឯកឧត្តម ឡឺ ខាភៀវ (Le Kha Pieu) នឹងបន្តស្ថិតស្ថេរជានិច្ចនិរន្តរ៍៕

ដោយ ប៉ាល់​ សុង