អង្គការរ៉ាក់ រៀបចំកម្មវិធីជិះកង់លើកកម្ពស់សុខុមាលភាពយុវវ័យ និងការយល់ដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ

AKP សៀមរាប ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ អង្គការរ៉ាក់ បានរៀបចំកម្មវិធីជិះកង់លើក កម្ពស់សុខុមាលភាពយុវវ័យ និងការយល់ដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ។

លោក វ៉ា ជីវន្ត នាយកប្រតិបត្តិអង្គការរ៉ាក់ បានថ្លែងថា ក្នុងអំឡុងពេលមានស្ថាន ជំងឺកូវីដ១៩នេះ ការលើកកម្ពស់ចំណេះដឹងពីសុខភាព និងសុខុមាលភាព គឺជារឿងចាំបាច់។

លោកថា ក្នុងនាមជាភ្នាក់ងារខាងសុខភាព អង្គការរ៉ាក់ បានចែករំលែកបទពិសោធន៍ ថ្មីៗ និងការផ្សព្វផ្សាយលើកកម្ពស់ស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដែលជា យុទ្ធសាស្ត្រ ដ៏ចម្បងមួយដែលបាន និងកំពុងអនុវត្តយ៉ាងសកម្ម។
តាមរយៈការចែករំលែកបទពិសោធន៍នេះ បានបង្ហាញឱ្យឃើញថា យុវវ័យនៅតែមាន កម្រិតនៃការយល់ដឹងទាក់ទងនឹងសុខភាព ជាពិសេសយុវវ័យ ដែលមានអាយុចន្លោះ ១០ឆ្នាំ ទៅដល់២៤ឆ្នាំ ដែលនាំឱ្យយុវវ័យជួបបញ្ហាជាច្រើននៅក្នុងវ័យនេះ ដូចជាប្រើប្រាស់ គ្រឿងញៀន យុវវ័យរងអំពើហិង្សាក្នុងគ្រួសារជាដើម។

តាមការស្រង់បញ្ហាប្រឈមមួយចំនួនរបស់យុវវ័យបង្គោលបានឱ្យដឹងថា ឫសគល់ នៃបញ្ហាទាំងនេះ គឺបណ្តាលមក ពីយុវវ័យពិតជាកង្វះចំណេះដឹងទាក់ទងនឹងបញ្ហាសុខភាព ផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។ យុវវ័យជា ច្រើនតែងតែគិតថា ការឈ្វេងយល់ដឹងពីសិទ្ធិ សុខភាពផ្លូវភេទ សុខភាពបន្តពូជនេះ សម្រាប់តែអ្នកដែលមានដៃគួតែប៉ុណ្ណោះ ក៏ប៉ុន្តែបញ្ហា សុខភាពគឺជាបញ្ហា ដែលយុវវ័យត្រូវឈ្វេងយល់ឱ្យច្បាសលាស់មុននឹងរៀបចំផែនការគ្រួសារ នៅពេលអនាគត។

លោកបានបន្តថា ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅថ្ងៃនេះ អង្គការរ៉ាក់បានរៀបចំកម្មវិធីជិះកង់ ដើម្បីសុខភាពផ្លូវភេទ សុខភាពបន្តពូជនេះ ដើម្បីបង្កើនចំណេះដឹងអំពីសិទ្ធិផ្លូវភេទ រួមចំណែក កាត់បន្ថយបញ្ហាប្រឈមទាំងឡាយដែលកើតមានចំពោះយុវវ័យ ពាក់ព័ន្ធ នឹងសុខភាពរបស់ ពួកគេ និងជំរុញឱ្យយុវវ័យទាំងអស់បានឈ្វេងយល់ពី ចំណេះដឹងអំពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តបាន ត្រឹមត្រូវលើរឿងផ្លូវ ភេទរបស់ខ្លួន។

នៅក្នុងកម្មវិធីនេះ មានយុវវ័យជាច្រើនបានចូលរួម និងបានជិះកង់ក្នុងចម្ងាយ២៥គីឡូ ម៉ែត្រចេញពីអង្គការ៉ាក់ ឆ្ពោះទៅកាន់ទីលានជល់ដំរី ដើម្បីជួបជុំពិភាក្សាគ្នាជាក្រុម ដើម្បីឈ្វេង យល់អំពីសុខភាពបន្តពូជ សុខភាព ផ្លូវភេទ និងសិទ្ធិ៕

 

ដោយ ឃុត សៅ