ឯកឧត្តម ស៊ុន ចាន់ថុល អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០–
កាលពីថ្ងៃ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារ ណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក Zhou Yong ដែលទើបទទួលការតែងតាំងជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (China Road and Bridge Corporation) ប្រចាំកម្ពុជា ជំនួសលោក Zhan Jisheng ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះលោក Zhou Yong ដែលទើបទទួលបានការតែងតាំងជាអគ្គនាយក នៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនប្រចាំកម្ពុជា និងបានកោតសរសើរក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយគាំទ្រដល់ក្រសួងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការ និងទំនាក់ទំនងល្អ ជាមួយក្រសួងក៏ដូចជារាជរដ្ឋាភិបាល និងបង្កើនការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជាឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាឱ្យសម្បូរសប្បាយ។

ដោយឡែក លោក Zhou Yong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងសាងសង់ទាំងឡាយសម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕ ដោយ ទេស ច័ន្ទសុធារី