ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញ លើកទី១៥ អាណត្តិទី៣របស់ខ្លួន

AKP កណ្តាល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ប្រឹក្សាខេត្តកណ្តាលបានបើក កិច្ចប្រជុំសាមញ្ញ លើកទី១៥ អាណត្តិទី៣របស់ខ្លួន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធ ប្រមាណជាង ១០០នាក់ ។

កិច្ចប្រជុំនេះ បានលើកឡើងយករបៀបវារៈសំខាន់ៗចំនួន ៦ រួមមាន៖ ទី១-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ទី២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ ទី៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តថវិកា(២០២១-២០២៣) និងគម្រោងផែនការថវិការដ្ឋបាលខេត្តឆ្នាំ២០២១ ។ ទី៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ខែសីហា ឆ្នាំ២០២០។ ទី៥-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សា ដោយកំណត់យកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ។ ទី៦-បញ្ហាផ្សេងៗ ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ក៏បានកោតសរសើរដល់អាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាពជំនាញ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ពេញមួយខែកក្កដាកន្លងទៅបានល្អប្រសើរ ។ ឯកឧត្តម ក៏បានសំណូមពរឱ្យបន្តខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានលក្ខណៈសមរម្យ និង ធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)