ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្ពោធអគារសិក្សា នៃសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង លោកប្រធានកុងស៊ុល ជប៉ុនប្រចាំខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា នៃសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបង ដែលជាជំនួយហិរញ្ញប្ប ទាន ពីក្រសួងការបរទេសជប៉ុន (Mo Fa) ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា អគារសិក្សាថ្មីនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានកម្ពស់២ជាន់ មាន១៥បន្ទប់ បណ្ណាល័យ១បន្ទប់ និងបង្គន់អនាម័យកុមារតូច ១៥បន្ទប់ ជាជំនួយរបស់ក្រសួងការបរទេសជប៉ុន(Mo Fa) ដោយមានការសម្របសម្រួលដោយអង្គការ(SVA) ។ នៅក្នុងបណ្ណាល័យមានបំពាក់សៀវភៅរូបភាព សម្ភារអាន បរិក្ខារសោតទស្សន៍ និងមានសៀវភៅ ៦៦៤ក្បាល ដោយឡែកនៅតាមបន្ទប់រៀនត្រូវបានបំពាក់គ្រឿងសង្ហារឹមគ្រប់បន្ទប់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ការបើកសម្ពោធសាលាមត្តេយ្យសិក្សានេះ គឺពិតជាមានសារៈសំខាន់ណាស់ដល់កុមារតូចៗ មានឱកាសបានចូលសិក្សា រៀនសូត្រ ដើម្បីត្រៀមខ្លួននឹងចូលសិក្សានៅថ្នាក់បឋមសិក្សានៅពេលដែលកុមារតូចៗមានអាយុ៦ឆ្នាំឡើងទៅ ដែលត្រូវចាប់ផ្ដើមជីវិតថ្មីថ្នាក់ទី១នៅក្របខ័ណ្ឌបឋមសិក្សាវិញម្ដង ។

ការបង្ហាត់បង្រៀនកុមារតូចៗមិនត្រឹមតែជាតួនាទីរបស់លោកគ្រូអ្នកគ្រូប៉ុណ្ណោះទេ តែទាមទារឱ្យមានការសហការគ្នាជាមួយមាតាបិតាគ្រប់ៗរូប ចូលរួមក្នុងការបង្ហាត់បង្រៀនកូនៗបន្ថែមទៀត ។ ព្រោះថាមាតាបិតាគឺជាអ្នកដែលរស់នៅផ្ទាល់ជាមួយពួកគាត់ ដែលយើងត្រូវបង្រៀនពួកគាត់ទាំងអាកប្បកិរិយា ចេះគ្រប់គ្រងដោយខ្លួនឯង បង្ហាត់បង្រៀនមេរៀនបន្ថែមនៅឯផ្ទះចំពោះកិច្ចការផ្ទះដែលលោកគ្រូអ្នកគ្រូបានដាក់ឱ្យ កុមារប្រៀបដូចជាក្រដាស ស មួយសន្លឹកដែលងាយនឹងប្រឡាក់ បើមិនធ្វើការហាត់ពុតលុតដុំពួកគាត់តាំងពីតូចទេនោះ យើងនឹងពិបាកក្នុងការទូន្មានប្រៀនប្រដៅពួកគាត់នាពេលអនាគត ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ដោយសារតែការរីករាលដាលនូវជំងឺកូវីដ-១៩នេះ ទើបក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់លោកគ្រូអ្នកគ្រូ ឱ្យរៀបចំការបង្រៀនសិស្សពីចម្ងាយ(Online ) រៀបចំការជួបផ្ទាល់តាមរយៈប្រព័ន្ធអ៊ិនធឺណេត ការថតជាខ្លីបវីដេអូបង្រៀនជាដើម ។

ទោះបីជាយ៉ាងណាក៏៏ដោយ ការបង្រៀនតាមប្រព័ន្ធអីនធឺណេត នៅមានកម្រិតនៅឡើយ ជាពិសេសសម្រាប់ប្អូនសិស្សានុសិស្សនៅតាមទីជនបទឆ្ងាយ ដែលពិបាកក្នុងការរកសេវាអ៊ិនធឺណេត ទើបក្រសួងអប់រំ យុវជន និងកីឡា មានវិធានការបើកសាលារៀនម្ដងទៀតក្នុង៣ដំណាក់កាល ដោយដំណាក់កាលទី១-គឺការបើកសម្រាប់សាលាដែលមានស្ដង់ដារខ្ពស់ចំនួន២០ក្នុងប្រទេសកម្ពុជា នៅដើមខែសីហានេះរួចមកហើយ។

ដំណាក់កាលទី២- គឺការបើកសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ សម្រាប់ក្របខ័ណ្ឌសាលាទូទាំងប្រទេស នៅដើមខែកញ្ញាក្រោយនេះ ដើម្បីឱ្យក្មួយៗត្រៀមរៀនបញ្ចប់ និងត្រៀមប្រឡងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ នាខែធ្នូខាងមុខនេះ ។ តែការបើកជាដំណាក់កាលទី២នេះ គឺធ្វើឡើងដោយមានស្ដង់ដារសុវត្ថិភាពខ្ពស់ ការរក្សាគម្លាត ថ្នាក់សិក្សាគឺមិនឱ្យមានសិស្សចាប់ពី១៥នាក់ឡើងទៅ ការសម្អាតអនាម័យ និងត្រូវមានកាលវិភាគច្បាស់លាស់ក្នុងការផ្លាស់ប្ដូរវេនគ្នាមកសាលារៀនជាដើម ។

បើសិនដំណាក់កាលទី២នេះទទួលបានជោគជ័យ ក្រសួងនឹងត្រៀមរៀបចំការបើកដំណាក់កាលទី៣ សម្រាប់សាលាទូទាំងប្រទេសជាបន្តបន្ទាប់ផងដែរ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)