អាជ្ញាធរខេត្តសៀមរាប និងប្រតិបត្តិកររួមគ្នា ស្តារឡើងវិញវិស័យទេសចរណ៍

AKP សៀមរាប ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះ សំណាលជាមបងប្អូនជាសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ រថយន្តតាក់ស៊ី រឺម៉ក់កង់បី រួមទាំងផាស្អាប់នៅក្នុងខេត្ត ចំនួនប្រមាណជាង ១៦០នាក់ ក្នុងគោលបំណងដើមី្បធ្វើកិច្ចពិភាក្សារកនូវគន្លឹះល្អ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យមានភាពប្រសើរឡើងវិញ បន្ទាប់ពីខេត្តទេសចរណ៍មួយនេះ ទទួលរងយ៉ាងធ្ងន់ធ្ងរនូវការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ដោយសារវិបត្តិជំងឺកូវីដ-១៩។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានរាយការណ៍ឱ្យដឹងថា នៅក្នុងទូទាំងខេត្តសៀមរាប ក្នុងពេលជួបវបត្តិជំងឺកូវីដ-១៩នេះ បានធ្វើឱ្យបងប្អូនជាមគ្គុទ្ទេសក៏ទេសចរណ៍គ្រប់ភាសា អ្នករត់រថយន្តតាក់ស៊ីដឹកភ្ញៀវ រឺម៉ក់កង់បី និងផាស្អាប់ ប្រមាណជាង៥ពាន់នាក់ បានទទួលរងផលប៉ះពាល់សម្រាប់ជីវភាពប្រចាំថ្ងៃ និងបូករួមបន្ថែមទាំងអាជីវករ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មក្នុងវិស័យទេសចរណ៍ផ្សេងៗទៀតយ៉ាងច្រើនបានជួបនូវវិបត្តិខាងលើនេះ។

នៅក្នុងពិធីនោះដែរ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ផ្នែកភាសាអង់គ្លេស បានលើកពីផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩នេះថា បានធ្វើឱ្យបាត់បង់ចំណូលពីភ្ញៀវទេសចរអន្តជាតិ ដែលឱ្យពួកគាត់មិនមានលទ្ធភាពបន្តអាជ្ញាប័ណ្ណទេសចរណ៍បាន។

ប្រតិបត្តិករទាំងនោះបានសំណូមពរឯកឧត្តមអភិបាលខេត្ត ជួយអន្តរាគមន៍ដល់ពួកគាត់ទៀតផង។ ម្យ៉ាងវិញទៀតក្រុមសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ក៏បានស្នើសុំផងដែដល់អាជ្ញាធរ ខេត្ត ក៏ដូចជាក្រសួង មន្ទីរទេសចរណ៍ខេត្ត ធ្វើការរៀបចំកញ្ចប់ដំណើរទស្សនាកម្សាន្តសម្រាប់ភ្ញៀវក្នុងស្រុក ព្រមទាំងកម្មវិធីច្បាស់លាស់សម្រាប់ភ្ញៀវចូលមកទស្សនាកម្សាន្តនៅខេត្តប្រវត្តិសាស្ត្រមួយនេះផងដែរ។ ក្រៅពីនោះពួកគេក៏បានចូលរួមផ្តល់មតិយោបល់ល្អៗ ដើមី្បជាប្រទីបក្នុងការឆ្លុះបញ្ចាំងសម្រាប់នៅខេត្តសៀមរាប ជាពិសេសក្នុងពេលថ្ងៃឈប់សម្រាកខាងមុខ ក៏ដូចជាសម្រាប់ថ្ងៃអនាគតផងដែរ។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ទៀ សីហា បានលើកឡើងថា នេះជាឱកាសដ៏សំខាន់ក្នុងការជួបជុំពិភាក្សា រកនូវដំណោះស្រាយទុក្ខកង្វល់របស់បងប្អូនប្រតិបត្តិករទាំងអស់ ក្នុងពេលជួបនូវវិបត្តិកូវីដ-១៩នេះ។ ដើមី្បដោះស្រាយនូវទុក្ខលំបាកនេះ រដ្ឋបាល ខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានទាំង១២ក្រុង ស្រុក បានរៀបចំកម្មវិធីសម្រាកសៀមរាប ក្នុងពេលដែលមន្ត្រី រាជការ កម្មករ បានឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ នាថ្ងៃខាងមុខនេះ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរក្នុងស្រុក ចូលមកកាន់ខេត្តសៀមរាប។ កត្តាសំខាន់នោះក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋកម្ពុជា បានសិក្សាឈ្វេងយល់ពីសម្បត្តិវប្បធម៌ អរីយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ពីការថែរក្សា អភិរក្សនូវវប្បធម៌ ទំនៀមទម្លាប់នៅតាមមូលដ្ឋាន។

ឯកឧត្តម ទៀ សីហា ក៏បានជម្រាបជូនដល់បងប្អូនប្រតិបត្តិករទេសចរណ៍ អំពីកម្មវិធីទាំង ឡាយ នៅពេលដំណើរការព្រឹត្តិការណ៍សម្រាកសៀមរាបនេះ ដើម្បីឱ្យបងប្អូនប្រតិបត្តិករ បានចូលរួម ព្រមទាំងជាការផ្តល់នូវឱកាស រកបា្រក់ចំណូលប្រចាំថ្ងៃ ដើមី្បផ្គត់ផ្គងជីវភាពក្នុងគ្រួសារទៀតផង ។ ព្រោះថាកម្មវិធីសម្រាកសៀមរាបនេះដែរ រដ្ឋបាលខេត្តក៏មានតម្រូវការដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ បានចូលរួមធ្វើការពន្យល់បង្ហាញដល់ភ្ញៀវទេសចរជាតិ ឱ្យបានស្គាល់កាន់តែច្បាប់អំពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ជាតិ ព្រមទាំងពីស្ថានភាពភូមិសាស្ត្រធម្មជាតិព្រៃភ្នំទៀតផង ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សកម្មភាពនេះយើងមិនមែនធ្វើតែក្នុងពេលឈប់សម្រាកនេះទេ គឺត្រូវបន្តធ្វើជារៀងរាល់ថ្ងៃឈប់សម្រាក់ប្រចាំសប្តាហ៍ ដោយនៅខេត្តសៀម រាប តាមបណ្តាមូលដ្ឋានស្រុកមួយចំនួន ក៏បានធ្វើការពង្រីកនូវតំបន់ទេសចរណ៍ធម្មជាតិ និង កែច្នៃ ដើមី្បបម្រើដល់ភ្ញៀវទេចរជាតិ អន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាន ក្រោយពេលបញ្ចប់នូវវិបត្តិជំងឺកូវីដ-១៩នេះទៅទៀតផងដែរ៕ ដោយ៖ ហង្ស សៀក