ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យមន្ដ្រីខណ្ឌ សង្កាត់ រៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូល តែមួយបានលឿននៅថ្នាក់សង្កាត់ ដើម្បីបង្ខិតសេវាសាធារណៈនៅជិតផ្ទះប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យមន្ដ្រីខណ្ឌ សង្កាត់ រៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយបានលឿននៅថ្នាក់សង្កាត់ ដើម្បីបង្ខិតសេវាសាធារណៈនៅជិតផ្ទះពលរដ្ឋស្រប តាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយ ចំពោះការផ្ដល់សេវាផ្នែក អត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីជំរុញការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ លើកិច្ចការអត្តសញ្ញាណ កម្មឱ្យមានប្រសិទ្ធភាព និងបង្វិលសេវាកិច្ចការអត្តសញ្ញាណកម្មឱ្យកៀកជិតបងប្អូនប្រជា ពលរដ្ឋស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលសង្កាត់ ក្នុងរាជធានីភ្នំពេញ ជាការល្អ ប្រសើរបំផុត ស្របពេលនយោបាយកំណែ ទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ដូច្នេះតាមរយៈកិច្ចប្រជុំក្នុងថ្ងៃនេះ ប្រសិនបើកិច្ច ការអត្តសញ្ញាណកម្ម ត្រូវបានថ្នាក់ជាតិ បង្ខិតសេវាឱ្យ កៀកជិតប្រជាពលរដ្ឋ ស្ថិតក្រោម សមត្ថកិច្ចរបស់រដ្ឋបាលសង្កាត់ ក្នុងរាជធានីភ្នំពេញ ខ្ញុំយល់ឃើញថា វាជាចំណុចវិជ្ជមាន ស្របពេលនយោបាយកំណែ ទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រោះថា យន្តការច្រក ចេញ-ចូលតែមួយ គឺជាការប្រមូលផ្ដុំសេវា សាធារណៈនៅនឹងកន្លែងតែមួយ និងត្រូវផ្តល់ជូនប្រកបដោយប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និងបង់ថ្លៃសេវាទៅតាមការកំណត់ដោយក្រសួង -ស្ថាប័នថ្នាក់ជាតិ ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ជាការពិតណាស់ កិច្ចការអត្តសញ្ញាណកម្ម គឺជាកិច្ចការអាទិភាព និងសំខាន់ចាំបាច់បំផុត ក្នុងដំណើរការនៃការគ្រប់គ្រងស្ថានភាព ប្រជាសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលត្រូវផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងអត្តសញ្ញាណ នៃរូបវន្ត បុគ្គលម្នាក់ៗ ទៅនឹងសញ្ជាតិមួយជាក់លាក់ សម្រាប់ជាមូលដ្ឋាន ក្នុងការធ្វើកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌផ្ទៃ ក្នុងប្រទេស សហគមន៍អាស៊ានកម្រិតតំបន់ និងសកលលោក។

ឯកឧត្តម ឃួង ស្រេង បន្ដថា ដោយមើលឃើញពីភាពចាំបាច់ និងដើម្បីពង្រឹង ការគ្រប់គ្រងអត្តសញ្ញាណបុគ្គល ជាពិសេសលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជា ពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសំណើសុំពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំណុះក្រសួងមហាផ្ទៃ ដើម្បីពង្រឹង ប្រសិទ្ធភាពលើការងារនេះ ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

ដោយ សួស សំរិត