គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងទេសចរណ៍ជួបពិភាក្សាពីបញ្ហាប្រឈម ក្នុងវិស័យទេសចរណ៍សម្រាប់បរិបទជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

គណៈកម្មការជំនាញរដ្ឋសភាបានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រសួងទេសចរណ៍ពីករណីធ្លាក់​ចុះ​ទេចរណ៍ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដែលបានរីករាលដាលលើកសកលលោក ក៏ដូចជាប៉ះពាល់ដល់កម្ពុជា។ ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការអញ្ជើញចូលរួម របស់​ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភានាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅ​វិមាន​រដ្ឋសភា។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺធ្វើឡើងអនុលោមតាម មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣៤ ថ្មីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងដោយផ្នែក​លើ​ស្ថានភាពជាក់ស្តែងនៃការរីករាលដាល ជំងឺកូវីដ-១៩ ដែលនាំឱ្យវិស័យទេសចរណ៍កម្ពុជា បាន និងកំពុងរងការប្រឈមដោយអត្រាភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការធ្លាក់ចុះ ដំណើរការអាជីវកម្មទេសចរណ៍មួយចំនួន ត្រូវផ្អាកជាបណ្តោះអាសន្ន ប្រតិបត្តិករក្នុង​ឧស្សាហកម្មទេសចរណ៍មួយចំនួនកំពុងរងនូវផលប៉ះពាល់ជាបន្តបន្ទាប់។ ឯកឧត្ដមបាន​បញ្ជាក់ថា បញ្ហាប្រឈមដែលបានជួបប្រទះក្នុងវិស័យទេសចរណ៍មិន ថាការរងប៉ះពាល់​លើ​វិស័យទាំងមូល និងការលំបាកនានារបស់ប្រតិបត្តិករក្នុងឧស្សាហកម្មនេះ បានជំរុញឱ្យ​គណៈកម្មការទី៧ ដែលជាសេនាធិការទទួលបន្ទុកលើវិស័យទេស​ចរណ៍ផ្ទាល់ មានការ​យកចិត្តទុកដាក់ តាមដាន ពិនិត្យលើសកម្មភាពនានាដែល​ក្រសួង​ទេសចរណ៍បាន និង​កំពុងអនុវត្តន៍។ ទន្ទឹមនេះ ឈានដល់ការជួបប្រជុំរវាងគណៈកម្មការទី៧ និង​ក្រសួង​ទេសចរណ៍ ដើម្បីពិនិត្យ ពិភាក្សារួមគ្នាអំពីវិធានការជាដំណោះស្រាយចំពោះ​វិស័យទេស​ចរណ៍ក្នុងបរិបទកូវីដ-១៩ និងក្រោយកូវីដ-១៩ ព្រមទាំងការពិនិត្យលទ្ធ​ភាពបង្កើន​សកម្ម​ភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបន្តថា កន្លងមក ជាការឆ្លើយតបនឹងបញ្ហាប្រឈមនានាដែល​បង្កដោយ​វិបត្តិកូវីដ-១៩  រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាដំណោះស្រាយជាបន្តបន្ទាប់​ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី​កាត់បន្ថយនូវផលប៉ះពាល់លើគ្រប់វិស័យជាជំហាន​ៗ ជាអាទិភាព ពីមួយដំណាក់កាលទៅមួយដំណាក់កាល។  ជាមួយគ្នានេះ គណៈកម្មការ ក៏បានតាមដាន និងពិនិត្យលើការអនុវត្ត​របស់ក្រសួង ទេសចរណ៍ផ្ទាល់ ក្នុងការដាក់ចេញ​ជាវិធាន ក្រមប្រតិបត្តិ សារាចរណ៍ណែនាំអំពីវិធានសុវត្ថិភាពទេសចរណ៍​សម្រាប់សេវាកម្ម​នានាដែលកំពុងដំណើរការក្នុង​ឧស្សាហ​កម្មទេសចរណ៍និងការបន្តសហការជាមួយស្ថាប័ន ពាក់ព័ន្ធក្នុងការរៀបចំជាផែនទីចង្អុលផ្លូវសម្រាប់ការស្តារ និងលើកស្ទួយវិស័យទេស ចរណ៍កម្ពុជា(២០២០-២០២៥)  ដែលបែង​ចែកជាបីដំណាក់កាលរួមមាន៖ ១. ការគ្រប់គ្រង វិបត្តិក្នុងដំណាក់កាល ប្រក្រតីកម្មថ្មី (New Normal) និងរៀបចំផែនកា រសម្រាប់ការស្ដារ វិស័យទេសចរណ៍ឡើងវិញ។ ២. ការជំរុញ និងការស្តារឡើងវិញនៃវិស័យ ទេសចរណ៍ ក្រោយ​វិបត្តិ និង៣. ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មី នៃវិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមប្រធានគណៈកម្មការក៏បានកត់សម្គាល់ចំពោះការចូលរួម និងការយោគ​យល់របស់មន្ត្រីទេសចរណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ អាជ្ញាធរ និង​ប្រតិបត្តិករក្នុងឧ ស្សាហកម្មទេសចរណ៍គ្រប់ៗរូបដែលអាចធ្វើឱ្យវិធាននានា​ដែលបានដាក់​ចេញដោយក្រសួងផ្ទាល់ អាចអនុវត្តទៅបានពីមួយជំហាន ទៅមួយជំហាន។

ក្រៅពីនេះ គណៈកម្មការក៏បានស្នើនិងជំរុញឱ្យក្រសួងទេសចរណ៍បន្ត​សកម្មភាព របស់ខ្លួន ជាពិសេសក្នុងកិច្ចការជំរុញចលនាទេសចរណ៍ ដោយផ្តោតចម្បងលើការកសាង ទំនុកចិត្តដល់ភ្ញៀវទេសចរមិនថាក្នុងស្រុក ឬភ្ញៀវអន្តរជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា “ក្នុងដំណាក់កាលនេះ ការបង្កើន​បរិយា កាសទេសចរណ៍ ដែលគួរឱ្យទុកចិត្ត និងដោយមានសុវត្ថិភាពពីជំងឺកូវីដ-១៩ ព្រមទាំង ​ការធានាស្តង់ដារនៃការការពារ មើលថែប្រកបដោយការយកចិត្តទុកដាក់ គឺជា​កត្តា​សំខាន់ ក្នុងការជំរុញឧស្សាហកម្មទេសចរណ៍ឱ្យដំណើរការបានជាធម្មតា ក៏ដូចជាការ​ចូលរួមជំរុញ កំណើនសេដ្ឋកិច្ចជាតិផងដែរ”។  ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្ត​ឱ្យ​ក្រសួង បន្តកិច្ច​សហការយ៉ាងជិតស្និទ្ធជាមួយអន្តរជាតិជាពិសេសប្រទេសក្នុងតំបន់​អាស៊ាន ដើម្បីចូលរួម​ជំរុញ​ចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន (intra-ASEAN) នៅក្នុង​ដំណាក់កាលសមស្រប​ណាមួយ ដែលចរន្ត និងលំហូរទេសចរណ៍ផ្ទៃក្នុងតំបន់អាចដំណើរ​ការ​វិញបាន។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងអំពីផែនការក្នុង​វិស័យ​ទេសចរណ៍ក្នុងដំណាក់កាលសម័យកូវីដ-១៩និងក្រោយសម័យកូវីដ​-១៩ដោយ​គូស​ បញ្ជាក់ថា ជំងឺកូវីដ-១៩បានប៉ះពាល់ខ្លាំងចំពោះទេសចរណ៍អន្តរជាតិតែម្តង។ ឯកឧត្តម​បាន​ថ្លែងថា “អីចឹងអ្វីដែលប៉ះពាល់ខ្លាំងគឺគោលដៅទេសចរណ៍អន្តរជាតិ អ្នក​ដែលធ្លាប់រក​ស៊ី​ជាមួយភ្ញៀវទេចរអន្តរជាតិគឺប៉ះពាល់ហើយ គឺមានន័យថាសណ្ឋាគារណា  ភោជនីយ​ដ្ឋាន​​ណា ឬកន្លែងណាដែលធ្លាប់ផ្តល់ទេសចរគឺប៉ះហើយ។ អីចឹងបើយើងសរុប​មកដល់​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានប៉ះពាល់ជាង៣ពាន់ទីតាំង និងប៉ះពាល់​ដល់បុគ្គលិក​ជាង​៥ម៉ឺននាក់។ ប៉ុន្តែ រាជរដ្ឋាភិបាលនៅជាប់ជាមួយការលំបាករបស់ប្រតិ​បត្តិករ​ទេស​ចរណ៍​ក៏ដូចជានិយោជិតផងដែរ។” ឯកឧត្តមបន្តថា ក្រសួងក៏បាន​ចាត់តាំង​ក្រុមការងារ​ដើម្បី​ពិនិត្យមើលលើសំណូមពរមូលដ្ឋានខាងអាជីវកម្ម ពិនិត្យមើល សំណូមពរ​បុគ្គលិក​និយោជក និងពិនិត្យលើការបណ្តុះបណ្តាលក្នុងដំណាក់កាលកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា គិតមកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលជួយដល់បុគ្គលិក ដែលប៉ះពាល់ការងារដោយសារជំងឺកូវីដ-១៩ បានជាង៣ម៉ឺននាក់ហើយ នៅក្នុងវិស័យ​ទេសចរណ៍ ដោយផ្តល់ប្រាក់៤០ដុល្លារក្នុងរយៈពេល២ខែ និងផ្តល់បន្តបន្ទាប់ក្នុងរយៈពេល​២ខែបន្តទៀត។ ជាងនេះទៀត ចំពោះអាជីវករធ្វើអាជីវកម្មក៏បានលើកលែងពន្ធផងដែរ(ត្រូវ ប្រកាស​ពន្ធតែរដ្ឋបង់ជំនួស)។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដែរ ក៏បានកត់សម្គាល់ឃើញថា ឈរលើស្មារតី “ប្រែ​ក្លាយបញ្ហាប្រឈមជាឱកាស”  វិបត្តិជំងឺកូវីដ-១៩ នេះ ក៏ជាឱកាសមួយសម្រាប់ការពង្រឹង​គុណភាពគោល​ដៅ​កម្ពុជា ជាគោលដៅដ៏ល្អ ប្រកបដោយភាពទាក់ទាញ តាមរយៈការ​ពង្រឹងកិច្ចសហការរវាង រដ្ឋ-ឯកជន និងភាគីពាក់ព័ន្ធ ក្នុងការចាប់យកឌីជីថលរូបនីយកម្ម (Digitalization) ក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមតម្រូវការជាក់ស្តែងក្នុងបរិបទ​ឧស្សាហកម្ម ៤.០៕

ដោយ ប៊ុនរិទ្ធ