ក្រុមទ័ពបំបាក់ក្រុមលេខ៣ថ្នាក់ខេត្ត ១០-២ ពានរង្វាន់ថ្នាក់ជាតិ សម្តេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០–

ក្រុមកងយោធពលខេមរភូមិន្ទ (ឬហៅថា ក្រុមទ័ព) បានបំបាក់ក្រុមលេខ៣ថ្នាក់ខេត្ត ក្រុមខេត្តកែប ដោយលទ្ធផលបច្ចេកទេស ១០ទល់២ នៅក្នុងការប្រកួតវគ្គជម្រុះជុំទី១ វគ្គ១៦ក្រុមថ្នាក់ជាតិ កាលពីល្ងាចថ្ងៃ៨រោច ខែស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០។

ក្រុមម្ចាស់ផ្ទះ ទ័ព ដែលជាក្រុមក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាបានបើកការនាំមុខ៥គ្រាប់ នៅវគ្គទី១ លើក្រុមភ្ញៀវ ខេត្តកែប ហើយចូលដល់វគ្គទី២ ក្រុមទ័ពធ្វើសម្រេចបាន៥គ្រាប់បន្ថែម ខណៈខេត្តកែបតាមពីក្រោយបាន២គ្រាប់។
ចំពោះ៤ប្រកួតផ្សេងទៀត នៅជើងទី១ វគ្គ១៦ក្រុមនេះដែរ គឺក្រុមគីរីវង់សុខសែនជ័យ និងនគរបាលជាតិ រក្សាបាននូវលទ្ធផលស្មើគ្នា ០ទល់០ ខណៈក្រុមក្របខ័ណ្ឌលីគកំពូលកម្ពុជា អង្គរថាយហ្គឺ ក្នុងឋានៈជាម្ចាស់ផ្ទះប្រកួតចាញ់ក្រុមខេត្តព្រៃវែង ដែលជាក្រុមជើងឯកថ្នាក់ខេត្ត រដូវកាល ២០២០ ដោយលទ្ធផល ២ទល់៣។ រីឯណាហ្គាវើល ប្រកួតឈ្នះអគ្គិសនីកម្ពុជា ៣ទល់២ ស្របពេលដែល ភ្នំពេញក្រោន យកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត នៅក្នុងលទ្ធផល ៤ទល់០។

សម្រាប់វគ្គ១៦ក្រុមថ្នាក់ជាតិ នៅមាន៣ប្រកួតទៀតរវាងក្រុម ចំណាត់ថ្នាក់លេខ៤ថ្នាក់ខេត្ត ក្រុមខេត្តសៀមរាប ប៉ះជាមួយក្រុមការពារម្ចាស់តំណែងជើងឯកថ្នាក់ជាតិ បឹងកេត និងក្រុមរងជើងឯកថ្នាក់ជាតិ ព្រះខ័នរាជស្វាយរៀងប៉ះជាមួយសូលទីឡូអង្គរ ដោយពីរប្រកួតនេះ លេងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ខណៈ១ប្រកួតទៀតរវាងក្រុមរងជើងឯកថ្នាក់ខេត្ត ខេត្តត្បូងឃ្មុំ ប៉ះជាមួយវិសខា ដោយត្រូវលើកពេលបណ្តោះអាសន្ន ដោយសារគណៈកម្មការប្រកួតបាល់ទាត់ជាតិពិនិត្យមើលឃើញពីស្ថានភាពទីលានមិនអាចប្រកួតបាន។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនាថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២០ ផ្លាស់ប្តូរទឹកដី ដោយក្រុមឈ្នះៗ (ក្រោយសរុបលទ្ធផលទាំងពីរជើង) ចំនួន៨ក្រុមនឹងបន្តឡើងទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ ដែលគ្រោងនឹងត្រូវប្រកួតចំនួន២ជើងដូចគ្នា ដោយជើងទី១ប្រកួតនាថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២០៕ដោយ៖ហេង ណាលីន