មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរម្លឹកប្រជាពលរដ្ឋ មិនត្រូវឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅក្រៅប្រទេស ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០–

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងក្រើនរម្លឹកដល់ប្រជាពលរដ្ឋ មិនត្រូវឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅក្រៅ ប្រទេស ពិសេសប្រទេសថៃ ក្នុងពេលដែលស្ថានភាពនៅតាមព្រំដែនត្រូវបានរឹតបន្តឹងបិទ ច្រក ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកលនៅ លើពិភពលោកនេះ។

ការថ្លែងបែបនេះរបស់លោកជំទាវ ជូ ប៊ុនអេង ធ្វើឡើងក្នុងឱកាសជួបសំណេះសំ ណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ ក្នុង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ក្នុងដំណាក់ កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកលនេះនារសៀលថ្ងៃ៨រោច ខែស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នេះនៅសាលាស្រុក។

ក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានថ្លែងបញ្ជាក់ជូនដល់បងប្អូនប្រជាពលរដ្ឋយើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងណាស់ក្នុងគិតគូរជួយដោះស្រាយដល់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ ដោយបានផ្តល់ស្បៀងអាហារ ថវិកាជួយដល់ប្រជាពលរដ្ឋក្រីក្រនៅ គ្រប់ទីកន្លែងក្នុងវិបត្តិជំងឺកូវីដ-១៩នេះ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយ គ្មានអាហារទទួលទាននោះទេ។

ជាមួយនោះដែរលោកជំទាវ បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅតាមបណ្តាខេត្ត និងជាពិសេសមន្ត្រី និងកងកម្លាំង នៃអង្គភាព និង ស្ថាប័ន នានាដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន ដែលបានប្រឹងប្រែងក្នុងការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ របស់ពលករកម្ពុជាយើង ក្នុងពេលដែលស្ថានភាពនៅតាមព្រំដែនដែលនៅតែត្រូវបានរឹតបន្តឹងបិទច្រកដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោកជំទាវ ជូ ប៊ុនអេង បានចាត់ទុកការខិតខំប្រឹងប្រែង បំពេញភារកិច្ចនេះហើយដែលធ្វើឱ្យកម្ពុជា រក្សាបានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះយើងក៏បាននិងកំពុងរួមសាមគ្គីគ្នាប្រយុទ្ធ នឹងសង្គ្រាមជំងឺកូវីដ-១៩ ដើម្បីធានាការពារសេចក្ដីសុខជូនប្រជាពលរដ្ឋ ដែលនេះហើយគឺជា ឧត្តមគតិស្រឡាញ់ជាតិ និងប្រជាជននោះ។

ទន្ទឹមនោះដែរលោកជំទាវ ក៏បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តអប់រំណែ នាំដល់ប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែកពី អ្នកដទៃរយៈពេល១៤ថ្ងៃ និងបន្តតាមដានសុខភាពខ្លួនឯង។ ប្រសិនបើបងប្អូនមានអាការក្តៅ ខ្លួន ឬក្អក ផ្តាសាយសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុសកូវីដ-១៩នេះ ត្រូវប្រញាប់ទាក់ទងទៅអាជ្ញា ធរមូលដ្ឋានផ្ទាល់ ឬសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ១១៥ ឬមន្ទីរពេទ្យដែលនៅជិត លោកអ្នកបំផុត ៕ ដោយ៖ឈុន សារ៉ាត