អភិបាលខេត្តកណ្ដាល បញ្ចុះបឋមសិលាសាងសង់ អគារការិយាល័យច្រកចេញ-ចូលតែមួយនៅស្រុកលើកដែក

AKP កណ្តាល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០–

រសៀលថ្ងៃ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារការិយា ល័យច្រកចេញ-ចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់ រដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អង្គភាពចំណុះរដ្ឋបាលខេត្ត និង ប្រជាពលរដ្ឋប្រមាណ ៤០៦នាក់។

ក្នុងពិធីនេះ ឯកឧត្តម ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឱ្យក្រុមហ៊ុនសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតតាមស្ដង់ដារបទដ្ឋានបច្ចេកទេស គំនូសប្លង់ធ្វើយ៉ាងណាធានាឱ្យបានទាំងបរិមាណ ទាំងគុណភាព ។ ជាពិសេសសាងសង់ឱ្យបានទាន់ពេលវេលា ដើម្បីឆាប់ទទួលបាននូវទីកន្លែងដ៏សមស្របសម្រាប់មន្រ្តីយើងបំពេញការងារ និងមានទីកន្លែងសមរម្យដើម្បីបម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងពិធីដ៏វិសេសវិសាលនេះ ឯកឧត្តម បានឧត្ថម្ភដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗ ថវិកា២ ម៉ឺនរៀល និងសារុង១ ផងដែរ ។

សូមជម្រាបជូនផងដែរថា នៅខេត្តកណ្តាល មានអគារការិយាល័យច្រកចេញ-ចូលតែមួយ ចំនួន១០ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចរាល់ហើយ ។ ដោយឡែកនៅថ្ងៃនេះដែរ អគារការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដែលបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលស្រុកលើកដែក ។

អគាថ្មីនេះមានទំហំ១៤ម៉ែត្រ គុណ ២០ម៉ែត្រ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន គឹម ហ៊ុយអ៊ាង ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលខេត្តប្រមាណ ៦០០លានរៀល ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)