សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

១.នូវែលហ្សេឡង់៖ តាមការផ្សាយរបស់សារព័ត៌មានបរទេសដែលចេញផ្សាយនៅថ្ងៃទី១២ខែសីហានេះបាន ឲ្យដឹងថានាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រីយ៉ាស៊ិនដា អាឌើន (Jacinda Ardern)បានថ្លែងថាអាជ្ញាធរបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៤ ករណីនៅក្នុងគ្រួសារមួយ នៅទីក្រុងអកឡេនដែលប្រភពនៃការឆ្លងនៅមិនទាន់ដឹងនៅឡើយ។នេះជាករណីដំបូងនៃ ការឆ្លងក្នុងសហគមនៅក្នុងប្រទេសនូវែលហ្សេឡង់ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ១០២ថ្ងៃមកហើយនោះ ។

២.អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីបានរាយការណ៍នូវការឆ្លងវីរុសកូវីដ១៩ថ្មី ដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួននៅថ្ងៃពុធ ទី ១២ខែសីហានេះហើយក៏ជាការកើនឡើងប្រចាំថ្ងៃដ៏ច្រើនបំផុតក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។រដ្ឋវីចតូរីយ៉ាបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ២១ នាក់និងមានករណីឆ្លងថ្មីដល់ទៅចំនួន ៤១០ ក្នុងរយៈពេល២៤ ម៉ោង។

៣.វៀតណាម៖ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យវៀតណាម បានឲ្យដឹងថាមានការឆ្លងកូវីដ១៩ថ្មី ៣ ករណីបន្ថែមទៀតនៅថ្ងៃពុធ ទី ១២ ខែសីហានេះ ។ចំពោះករណី ឆ្លងថ្មីទាំងនោះគឺជាករណីនាំចូលដែលកើតលើអ្នកដំណើរវិលត្រឡប់មកពីប្រទេសជប៉ុនវិញ។រហូតមកដល់ពេល នេះប្រទេសវៀតណាមមានករណីឆ្លងកូវីដ១៩សរុប ៨៦៦នាក់ចាប់តាំងពីករណីដំបូងត្រូវបាន រកឃើញកាលពីខែ មករាមក។

៤.កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ ប្រទេសទាំងពីរនៅសប្តាហ៍នេះប៉ុន្តែធ្វើដោយគ្មានការចល័តកងទ័ពនៅមូលដ្ឋានសហរដ្ឋអាមេរិកទេដោយសារតែមានការព្រួយបារម្ភអំពីវីរុសកូវីដ១៩។សមយុទ្ធយោធានេះមានការចូលរួមពីទាហានរាប់ពាន់នាក់មកពីភាគី ទាំងសងខាងទោះបីជាភាគច្រើនផ្តោតលើការបញ្ជារតាមកុំព្យូទ័រជាជាងការហ្វឹកហាត់ផ្ទាល់នៅតាមទីវាលក៏ដោយ។

អត្ថបទ ឆាយ វីកាល