រដ្ឋមន្រ្ដីក្រសួងការងារ៖ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាម​គ្រប់​មុខសញ្ញារួមចំណែកថែរក្សាការពារនូវសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម

AKP កណ្ដាល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា ប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញាបាន គូសបញ្ជាក់ថា គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខ​សញ្ញាពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងការចូលរួមថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជី វភាពសុខសាន្តរបស់ប្រជាពលរដ្ឋការពារ​ធានាបាននូវអត្ថប្រយោជន៍នានាជូនដល់កម្មករ និយោជិត។

ថ្លែងក្នុងកិច្ចប្រជុំស្តីពី “ការផ្សព្វផ្សាយបទបញ្ជាលេខ០១.បប របស់រាជរដ្ឋាភិ​បាល​កម្ពុជា វិធានការទប់ស្កាត់ និងកាត់បន្ថយការធ្វើកូដកម្ម បាតុកម្មខុសច្បាប់” កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកណ្តាល ឯកឧត្ដម អ៊ិត សំហេង បាន​មាន ប្រសាសន៍ថា សម្រាប់ឆ្នាំ២០២០នេះ ខេត្តកណ្តាល គឺជាខេត្តទីពីរ ដែលបានរៀបចំឱ្យ មានកិច្ចប្រជុំផ្សព្វផ្សាយនេះ ដោយកាលពីលើកទីមួយបានរៀបចំនៅខេត្ត ព្រះសីហនុ​ដែល មួយផ្នែកគឺដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងដែលកំពុងកើតមានក្នុងខេត្តផង និងមួយផ្នែកទៀតគឺដើម្បីវាយតម្លៃពីតួនាទីភារកិច្ចរបស់មន្រ្តីគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខ​សញ្ញា គ្រប់ថ្នាក់។ ឯកឧត្ដមបានបន្ដថា គណៈ​កម្មការនេះ កន្លងមក​បាន​បំពេញ​យ៉ាងសកម្មក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពី​ការ​ងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីការ​ធ្វើ​បាតុកម្មដោយសន្តិវិធី ជាពិសេសបានឆ្លើយតប​ទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល​លេខ​០២.បប ស្តីពីការអនុវត្តផែនការទប់ស្កាត់កូដកម្ម​បាតុ​កម្មត្រង់ចំណុចទី២ បានកំណត់ថា គណៈបញ្ជាការឯកភាព និងគណៈកម្មការសម្រាប់​ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខ​សញ្ញារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវមានផែនការណែនាំក្នុងភូមិសាស្រ្តរបស់ខ្លួន។ ទន្ទឹមនេះ រាល់ករណីកូដកម្ម បាតុកម្ម ដែលកើតឡើងនៅតាមភូមិសាស្រ្តណា គណៈបញ្ជាការឯកភាព និងគណៈកម្ម​ការ​សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខ​សញ្ញានោះ ត្រូវ​ទទួលខុស​ត្រូវ​ដឹកនាំបញ្ជាដោះស្រាយរាល់ករណីជាក់ស្តែងនីមួយៗ ឱ្យអស់លទ្ធភាព។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថា រាជរដ្ឋាភិបាល បានអនុវត្តន៍ដោយពេញលេញនូវ​សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ការជួបជុំដើម្បីធ្វើកូដកម្ម បាតុកម្ម​ស្រប​ទៅតាមច្បាប់ជាធរមាន។

ឯកឧត្តមបានបន្ថែមថា កម្ពុជានៅតែបន្តធ្វើដំណើរឆ្ពោះទៅមុខយ៉ាងត្រឹមត្រូវតាមគន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការប្រព្រឹត្តទៅនៃនីតិរដ្ឋ សិទ្ធិសេរីភាពរបស់បុគ្គល សេរីភាព ខាងសារព័ត៌មាន និងការបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្ម សកម្មភាពនៃបណ្តា​គណ​បក្សនយោបាយ អង្គការសង្គមស៊ីវិល និងសហជីព ការចូលរួមរបស់ប្រជាពល​រដ្ឋ។ល។ ត្រូវ​បានគោរព និងការពារ ជាពិសេសធានាឱ្យអង្គការវិជ្ជាជីវៈបានអនុវត្តន៍សិទ្ធិ​សេរីភាព របស់ខ្លួនអនុលោមតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញា​អន្តរជាតិ​ខាង​ការងារដែលកម្ពុជា បានផ្តល់សច្ចាប័ន។

​ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់បន្ថែមពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងច្បាប់ និង​បទដ្ឋានគតិយុត្តវិស័យការងារ ព្រោះនេះក៏ជាការទទួលខុសត្រូវរបស់គណៈកម្មការ​សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខ​សញ្ញាថ្នាក់ខេត្តផងដែរ ដើម្បីធា​នាបាននូវស្ថិរភាព និងសុវត្ថិភាពការងារ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ត្រូវបានប្រកាសឱ្យប្រើ​នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដោយបានអនុញ្ញាតឱ្យមានការទូទា ត់ប្រាក់បំណាច់អតីត​ភាពការងារ របស់កម្មករនិយោជិតជារៀងរាល់ ៦ខែម្តង។ ច្បាប់ស្តីពីប្រាក់ឈ្នួល​អប្បបរមា ជាក្របខ័ណ្ឌគតិយុត្តមួយច្បាស់លាស់ ក្នុងការធានាដំណើរការយន្តការកំណត់ប្រាក់​ឈ្នួល​អប្បបរមាដែលពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ក្នុងការធានាសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំង​ធានា​នូវស្ថិរភាព និរន្តភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគ​របស់កម្ពុជា៕

ដោយ ប៊ុនរិទ្ធ