បទយកការណ៍៖ កន្លែងបោះតង់គយគន់ទេសភាពវាលស្រែ The Scenery កំពុងតែ​បង្ហាញ​ទេសភាពវាលស្រែ និងធម្មជាតិដល់ភ្ញៀវទេសចរ ក្នុងខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

សម្រាប់អ្នកដែលចូលចិត្ដមកកម្សាន្ដកន្លែងដែលមានទេសភាពវាលស្រែខៀវស្រងាត់ និង​មានបរិស្ថានធម្មជាតិល្អស្រស់បំព្រងក្នុងរដូវវស្សានេះ ដោយលាយឡំជាមួយនឹងសម្លេងក្អាត់យំអមជាមួយកណ្តឹងក្របីកំពុងស៊ីស្មៅតាមវាលស្រែ គឺជាតន្រ្តីតាម​​បែបធម្មជាតិប្រគំយ៉ាងរណ្តំ អន្ទងចិត្តភ្ញៀវទេសចរដែលកំពុងស្នាក់នៅក្នុងតង់ និងទទួលទានអាហារនៅជាប់វាលស្រែដែលមានទេសភាពបៃតង។ ចំណែកឯផ្កាចម្រុះពណ៌ និងរុក្ខជាតិបៃតងផ្សេងទៀតបានដុះនៅព័ទ្ធជុំវិញដងផ្លូវរួមជាមួយផ្លែទំពាំងបាយជូព្រៃបាននិងកំពុងតែបង្អួតសម្រស់ដល់ភ្ញៀវទេសចរដែលទាំងនេះ គឺជាទិដ្ឋភាពខ្លះៗ នៃកន្លែង បោះតង់គយគន់ទេសភាពវាលស្រែ The Scenery ដែលមានទីតាំងស្ថិតនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី មានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។

អ្នកស្រី កង គន្ធា ជាម្ចាស់កន្លែងបោះតង់គយគន់ទេសភាពវាលស្រែ The Scenery បានឱ្យដឹងថា មូលហេតុដែលអ្នកស្រីបង្កើតឱ្យមានកន្លែងបែបនេះ ដោយសារតែយល់ឃើញថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរមានការចាប់អារម្មណ៍ និងតែងតែស្វែងរកតំបន់ ធម្មជាតិសម្រាប់សម្រាកលំហែកាយ និងទទួលទានអាហារ និងទស្សនាទេសភាពបៃតង អ្នកស្រីបានបញ្ជាក់ថា កន្លែងនេះ ក៏បានឃើញអំពីទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទនេះ ជាពិសេសបានផ្តល់ការងារឱ្យប្រជាជននៅតំបន់បានធ្វើផងដែរ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា សម្រាប់ភ្ញៀវទេសចរដែលមកស្នាក់នៅកន្លែងនេះ ព្រឹកឡើងនឹងបានឃើញទេសភាព វាលស្រែ និងជើងភ្នំដខៀវស្រងាត់ ជាពិសេសម្លេងកណ្តឹងក្របីពិរោះរណ្ដំ ដែលកំពុងស៊ីស្មៅនៅក្នុងវាលស្រែ ធ្វើឱ្យអារម្មណ៍របស់អ្នកមកកម្សាន្ដ​​កាន់តែស្រស់ថ្លាថែមទៀត”។ ជាមួយគ្នានេះ សម្រាប់ការទទួលទានអាហារពេលព្រឹក ​នឹង​ទទួលបាននូវរសជាតិឆ្ងាញ់ពិសា និងអាចបន្តជិះកង់ក្នុងភូមិ ដើម្បីបានឃើញ និងសិក្សា​ឈ្វេងយល់ពីទំនៀមម្លាប់នៃការរស់នៅរបស់ប្រជាជននៅតំបន់នេះ។ អ្នកស្រីបានបន្ថែម​ថា សម្រាប់អ្នកទេសចរដែលស្នាក់នៅ The Scenery រហូតមកដល់ពេលល្ងាច អាចដុតក្រឡាន ដំឡូង បង្ហោះគោម និងអាចអង្គុយទទួលទានអាហារ និងភេសជ្ជៈទស្សនាថ្ងៃលិច និងព្រះចន្ទនៅរានហាលជាប់វាលស្រែផងដែរ។

អ្នកស្រី កង គន្ធា ក៏បានរៀបរាប់ឱ្យដឹងទៀតថា នៅ The Scenery នេះ អ្នកទេសចរអាចមកកម្សាន្តហើយវិលត្រឡប់ទៅស្នាក់នៅក្រុងសៀមរាបវិញក៏បាន ឬចង់បោះតង់ ស្នាក់នៅទីនេះក៏បាន ដោយសម្រាប់អ្នកបោះតង់នៅទីនេះ គឺមានពីរប្រភេទ ទីមួយគឺបោះនៅបរិវេណក្រោមដើមឈើ និងទីពីរអាចបោះតង់នៅកណ្តាលវាលស្រែដែលមានស្រូវសន្ទូងខៀវខ្ចី ដែលព័ន្ធជុំវិញ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា “សម្រាប់អ្នកដែលចង់មកបោះតង់ស្នាក់នៅកន្លែងនេះ អាចមកជាលក្ខណៈគ្រួសារ ឬមកជាក្រុមក៏បានដោយកន្លែងនេះមានការពាសន្តិសុខ និងមានការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងវិធានការការពារមេរោគកូវីដ១៩ របស់ក្រសួងសុខាភិបាលយ៉ាងល្អប្រសើរ

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប ក្រៅពី ទស្សនាប្រាសាទបុរាណនៅក្នុងតំបន់អង្គរ គឺតែងតែស្វែងរកកន្លែងកម្សាន្តតាមបែបធម្ម ជាតិ ជាពិសេសកន្លែងដែលមានទេសភាពស្អាតៗ ដើម្បីធ្វើឱ្យអារម្មណ៍របស់ពួកគេស្រស់ ស្រាយ៕

ដោយ ឃុត សៅ