មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា កម្ពុជាត្រៀមថវិកាប្រមាណ ៩០០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

​ឯកឧត្តម នេត ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាង ថា រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់នូវកញ្ចប់ថវិកាប្រមាណ ៩០០លានដុល្លារសហរដ្ឋ អាមេរិក រយៈពេល៥ឆ្នាំម្ដង ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុង ប្រទេសកម្ពុជា។

​ឯកឧត្តម បានអះអាងបែបនេះក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ស្ដីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» នាទីស្តីការគណៈ រដ្ឋមន្រ្តី។ អ្នកនាំពាក្យរូបនេះថ្លែងថា ថវិកាទាំងនេះ បានបង្កើនរហូតដល់៤ដង បើធៀបនឹង ប៉ុន្មានឆ្នាំមុន។ ឯកឧត្តមបន្តថា តាមរយៈកញ្ចប់ថវិកានេះ រាជរដ្ឋាភិបាលបានទម្លាក់ ឱ្យក្រសួង និងស្ថាប័ន ចំនួន១៤ ដើម្បីធ្វើការងាររួមគ្នាលើការងារបម្រែបម្រួលអាកាសធាតុ។

​ឯកឧត្តមបានបញ្ជាក់ថា ការបង្កើនកញ្ចប់ថវិកានេះ គឺជាការបង្ហាញពីការយកចិត្ត ទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ ដោយការប្រែប្រួលអាកាសធាតុនេះ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ កម្រិតនៃថវិកា គឺបានបង្កើនរហូតដល់៤ដង មានន័យថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការ ដោះស្រាយផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបន្តថា ថវិកា ៩០០លាន ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ក្នុងគម្រោងដែលយើងធ្វើជាមួយក្រសួង ស្ថាប័ន១៤ គឺមានអនុគម្រោងជាច្រើនទៀតនៅក្រោមចំណុះនេះ៕

ដោយ ចាន់​ សុធីវង្ស