ក្រសួងអប់រំរៀបចំផែនការ និងទ្រឹស្តី សម្រាប់ហាត់ហ្វឹកហ្វឺនគ្រូបង្វឹក

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំសិក្ខាសាលា ស្តីពីការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺន របស់គ្រូបង្វឹកពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ សីហា ឆ្នាំ២០២០ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុ កីឡដ្ឋានជាតិអូឡាំពិក។

នៅថ្ងៃចាប់ផ្តើមដំបូង គ្រូឧទ្ទេស ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើបទបង្ហាញស្តីពីចិត្តសាស្ត្រកីឡា អនាម័យកីឡា ការហ្វឹកហាត់ ហូបចុក និងការស្នាក់នៅ ដោយឯកឧត្តមបាន សង្កត់ធ្ងន់ថា គ្រូបង្ហាត់ត្រូវមានសិទ្ធិអំណាចក្នុងការបង្ហាត់បង្រៀនកីឡាករ កីឡាការិនី ប៉ុន្តែអំណាចនោះត្រូវប្រើឱ្យមានឥទ្ធិពល ដើម្បីដឹកនាំកីឡាករ កីឡាការិនីរបស់ខ្លួនឱ្យមកចូលរួមហ្វឹកហាត់ប្រកបដោយកម្លាំកាយ និងកម្លាំងចិត្ត។ ដូច្នេះ ដើម្បីឱ្យគ្រូបង្វឹកមានទាំងអំណាច និងឥទ្ធិពល គឺត្រូវធ្វើយ៉ាងណាឱ្យមនុស្សជុំវិញខ្លួនគោរពស្រឡាញ់យើង និងត្រូវមានវិធីសាស្ត្រ ចិត្តសាស្ត្រក្នុងការគ្រប់គ្រង ដឹកនាំកីឡាករ កីឡាការិនី។

ជាមួយគ្នានោះ ឯកឧត្តមក៏បានពន្យល់ដែរថា មុនពេលដែលកីឡាករ កីឡាការិនីឡើងប្រកួត គ្រូបង្វឹករឹតតែមានតួនាទីសំខាន់ទៀត ដើម្បីប្រើប្រាស់ចិត្តសាស្ត្រកីឡាជូនដល់ពួកគាត់ ក្នុងការប្រកួតឱ្យទទួលបានសម្រេចដល់គោលដៅមួយ ហើយប្រសិនបើគ្រូបង្វឹកហ្វឹកហាត់អត្តពលិកជាក្រុម ក៏ត្រូវធ្វើយ៉ាងណាឱ្យមានស្មារតីជាក្រុម ដើម្បីបណ្តុះស្មារតីជាក្រុមរួមសាមគ្គីគ្នាជាធ្លុងមួយ ដូចជាការប្រកួតជាក្រុម បាល់ទាត់ បាល់ទះ ឬជាក្រុមនៃប្រភេទកីឡាដទៃទៀត៕

ដោយ ហេង ណាលីន