ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ជំរុញ​ដល់ពលរដ្ឋឱ្យចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ​

​AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ លោក សុក ចាន់ថា បាន​អំពាវនាវ ជំរុញដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលតែងតែកើតមាននៅលើដងផ្លូវនោះ។

ការអំពាវនាវបែបនេះក្នុងឱកាសលោក សុក ចាន់ថា សហការជាមួយនគរបាល ចរាចរណ៍ផ្លូវគោកខេត្ត និងក្រុមយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមខេត្ត បន្តចុះអប់រំផ្សព្វ ផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ពលរដ្ឋ ដែលធ្វើដំណើរតាមដង ផ្លូវក្នុងក្រុង សិរីសោភ័ណ និងមានការចែកមួកសុវត្ថិភាពជូនដល់ បងប្អូនពលរដ្ឋជាង៣០០មួក កាលពី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះក្នុងន័យកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានជាញឹកញាប់នៅលើដងផ្លូវ​។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យលោក សុក ចាន់ថា បានលើកឡើងថា ការចុះផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះធ្វើឡើង ដើម្បីជំរុញឱ្យ ប្រជាពលរដ្ឋយើងដែលធ្វើដំណើរតាមដងផ្លូវមានការយល់ដឹងបន្ថែមទៀត ហើយចូលរួម អនុវត្តន៍ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកក៏បានសំណូមពរដល់បងប្អូនពលរដ្ឋ ក្នុងឱកាសសងថ្ងៃឈប់សម្រាកការងារ របស់​មន្ត្រីរាជការ និយោជិត កម្មករ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ២១ ខែសីហា ឆ្នាំ២០២០ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ដោយ ពាក់មួក ឬដាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ រាល់ការបើកបរត្រូវមានការយោគយល់អធ្យាស្រ័យ ចំពោះគ្នាទៅវិញទៅមក។

ជាមួយគ្នានោះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានចេញនូវ សេចក្ដីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសសងថ្ងៃឈប់ សម្រាកការងារ ដោយត្រូវអនុវត្តន៍នូវវិធានការដូចតទៅ៖ ទី១.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយគ្រប់ពេលវេលា។ ទី២. មិនត្រូវបើក បរលើសល្បឿនកំណត់ដាច់ខាត។ ទី៣. មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងជា ដាច់ខាត។ ទី៤. ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំ ជានិច្ច។ ទី៥. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។ ទី៦. មិនត្រូវបត់ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ ទី៧.ត្រួតពិនិត្យ លក្ខណៈបច្ចេកទសយានយន្តជាប្រចាំពិសេសត្រួតពិនិត្យ កង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ-ល-។ ទី៨. សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល សូមមេត្តាកុំដំឡើងថ្លៃ ក្នុងឱកាសនេះ។ទី៩.មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក។ ទី១០.ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ និងទី១១.សូមប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ទាំងអស់មេត្តាយោគយល់ ចំពោះការប្រកាន់យកវិធានការច្បាប់តឹងរឹង ចំពោះបទល្មើស ចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងការប្រឈមចំពោះផ្លូវច្បាប់ សូមគោរពអនុវត្តន៍ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់ ដើម្បីសុខដុមរមនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន ដើម្បីរួមគ្នា លើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិ៕

ដោយឈុនសារ៉ាត