បទវិចារណកថា៖ ចំណុចគួរយកចិត្តទុកដាក់ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែសីហា

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២០ —

រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្រ្តីរាជការ បុគ្គលិកអង្គការសង្គមស៊ីវិល កម្មករ និងកម្មការិនី ឈប់សម្រាកចាប់ពីថ្ងៃទី​១៧ ​ដល់ថ្ងៃទី​២១ ខែសីហា ខាងមុខនេះ ដើម្បីសងការឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលត្រូវបានលើកពេលកាលពីខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ ដោយសារតែថ្ងៃទី​១៥ និង ១៦ ហើយថ្ងៃទី២២ និង ២៣ ខែសីហា ជាថ្ងៃសម្រាកធម្មតានៅចុងសប្តាហ៍ សរុបទៅអំឡុងពេលនេះ គឺជាវិស្សមកាលដ៏វែង រហូតដល់០៩ថ្ងៃ ដែលសាកសមសម្រាប់ការរៀបចំកម្មវិធីកម្សាន្ត និងការជួបជុំនានា ទៅតាមការប្រាថ្នា ដើម្បីភាពរីករាយនៅក្នុងសង្គមគ្រួសារ សហគមន៍ និងសង្គម ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩មិនថមថយសោះនោះ សូមបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការជំងឺនេះ ហើយចំណុចមួយទៀតក៏សូមយកចិត្តទុកដាក់ខ្ពស់ដែរគឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ថា AKP មិនបន្លាចអស់លោក លោកស្រីទេ ប៉ុន្តែសូមជូនជាព័ត៌មាន ក្រែងខ្លឹមសារ និងសារដែលយើងខ្ញុំខិតខំផ្សព្វផ្សាយនេះ អាចចូលរួមជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងមានក្រសួងសុខាភិបាលជាស្ថាប័នជំនាញ និងក្រុមការងារអន្តរក្រសួង​ និងអាជ្ញាធរដែនដីគ្រប់កម្រិតកំពុងតែយកចិត្តទុកដាក់នៅក្នុងកិច្ចការ ចែករំលែកនូវសារអំពីវិធានបង្ការ និងការពារខ្លួន ព្រមទាំងរៀបចំជាចំណាត់ការផ្សេងៗនៅក្នុងកិច្ចខិតខំគ្រប់គ្រងស្ថានភាពនៃមេរោគ និងកម្រិតចម្លងនៃមេរោគ កុំឱ្យឆ្លងចូលសហគមន៍ ហើយក៏សង្ឃឹមថា សារដែលយើងខិតខំបញ្រ្ជាបនេះនឹងចូលរួមពញាក់ការចាប់អារម្មណ៍ដើម្បីទាំងអស់គ្នាមានស្មារតីប្រុងប្រយ័ត្នចំពោះការបង្ការ និងការពារខ្លួននៅក្នុងអំឡុងវិស្សមកាលដ៏យូរនេះ ។​

តាមព័ត៌មានដែលយើងខ្ញុំបានស្ទាបស្ទង់ និងប្រមូលបានដោយត្រួសៗគឺថា​កន្លែងស្នាក់នៅ នៅតាមគោលដៅទេសចរណ៍នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅភូមិភាគឥសាន្ត ពាយ័ព្យ តំបន់ទេសចរណ៍វប្បធម៌ខេត្តសៀមរាប និងតំបន់ឆ្នេរជាដើម គឺហាក់មានចលនាកម្រើកខ្លាំង ។ សណ្ឋាគារ និង​ផ្ទះសំណាក់មួយចំនួនបានបញ្ជាក់ពីការកក់បន្ទប់មានការកើនឡើង ដែលបង្ហាញពីកំណើននៃចលនាទេសចរណ៍ក្នុងស្រុក ដូច្នេះសូមកុំធ្វេសប្រហែស​ឱ្យសោះ ចំពោះជំងឺកូវីដ១៩ ដោយសារតែកម្រិតនៃការឆ្លងរបស់វាគឺខ្ពស់ និងរហ័ស បើមិនដូច្នេះទេ ករណីឆ្លងរីករាលដាលរបស់វាមិនអាចមានផលប៉ះពាល់ដល់កម្ពុជា និងសកលលោកអាក្រក់បំផុតដូចដែលយើងទាំងអស់គ្នាបានដឹងនោះឡើយ ។

មកដល់ពេលនេះមានតួលេខខ្លះថា ករណីឆ្លងនៅលើពិភពលោកមានជាង​២០ លាននាក់ហើយ ប៉ុន្តែបើយោងទៅតាមអង្គការសុខភាពពិភពលោក គិតត្រឹមម៉ោង​៥ល្ងាច នៃថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​២០២០ ករណីឆ្លងដែលបានកត់ត្រាគឺមាន​១៩,៩៣ លាននាក់ហើយ ដោយឡែកអ្នកដែលស្លាប់ដោយសារជំងឺនេះគឺមានចំនួន ៧៣២.៤៩៩ នាក់ ។ នៅអាស៊ាន ចំនួនអ្នកឆ្លងហក់ឡើងដល់ ៣៣៧.៧៥៦ នាក់ ហើយករណីស្លាប់ គឺកើនដល់ ៨.៣៧០ នាក់ ហើយប្រទេសជាច្រើននៅក្នុងតំបន់នេះ កំពុងតែរាយការណ៍អំពីករណីនៃការឆ្លងជាសហគមន៍ ។ ដោយឡែកសម្រាប់កម្ពុជា ក្រសួងសុខាភិបាលបានប្រកាសរកឃើញការឆ្លងជំងឺនេះជាបន្តបន្ទាប់រហូតដល់ ២៦៨ ករណី គិតត្រឹមព្រឹកថ្ងៃទី១២ ខែសីហា នេះ ប៉ុន្តែមិនទាន់មានករណីឆ្លងជាសហគមន៍នៅឡើយទេ ហើយក៏មិនទាន់មានអ្នកដែលស្លាប់ដោយសារតែជំងឺនេះដែរ ។

ដោយឡែកចំពោះគ្រោះថ្នាក់ចរាចរណ៍វិញ ក៏ជារឿងដែលយើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែស តែត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ពីព្រោះនៅក្នុងអំឡុងពេលនៃវិស្សមកាលនេះ ​កំណើនយានយន្តធ្វើចរាចរណ៍ក៏មានច្រើន ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់​ បើកបរត្រូវគោរពល្បឿនកំណត់​ មានការទទួលខុសត្រូវ មិនប្រើប្រាស់គ្រឿងស្រវឹង មិនត្រូវជែងដោយប្រថុយប្រថាន ពីព្រោះករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅតែខ្ពស់ដដែល ទោះបីជាពេលនេះកម្ពុជាកំពុងតែអនុវត្តច្បាប់នេះកាន់តែតឹងរ៉ឹងក៏ដោយចុះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ១០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានកើតឡើង ៨០៣លើក សម្លាប់មនុស្សចំនួន ៤២៧នាក់ ធ្វើឱ្យរបួសចំនួន ១.២២៧នាក់ ក្នុងនោះរបួសធ្ងន់ ៧២៥នាក់ ។​ នៅក្នុងអំឡុងពេលនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយការធ្វើដំណើរហាក់មានកម្រិតដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ តែចំនួនគ្រោះថ្នាក់ចរាចរណ៍នៅតែច្រើនបែបនេះ ដូច្នេះនៅថ្ងៃវិស្សមកាលជិត១០ថ្ងៃខាងមុននេះ ស្ថានភាពអាចកាន់តែអាក្រក់ប្រសិនបើគ្មានការចូលរួម ពីអស់លោកអ្នកដែលជាអ្នកបើកបរទាំងអស់​ ។

សរុបសេចក្តីទៅ នៅអំឡុងពេលឈប់សម្រាកចាប់ពីថ្ងៃទី​១៥ រហូតដល់ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ អគ្គនាយករដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា សូមសង្កត់ធ្ងន់លើពីរចំណុចសំខាន់ៗនេះ គឺការឆ្លងការរីករាលដាលនៃមេរោគកូវីដ១៩ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។ ដើម្បីបង្ការ និងការពារបញ្ហាទាំងនេះបាន ការចូលរួមពីយើងទាំងអស់គ្នា គឺជារឿងចាំបាច់ ។ នៅក្នុងអំឡុងពេលសម្រាក លោកអ្នកអាចធ្វើអ្វីៗបានសម្រាប់ខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍អ្នក ប៉ុន្តែកុំភ្លេចខ្លួនបង្កឱ្យមានការឆ្លងមេរោគកូវីដ១៩ រឺបង្កឱ្យមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

អគ្គនាយកដ្ឋាននៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា សូមជូនពរអស់លោក លោកស្រី ទាំងអស់ សូមរីករាយ និងឆ្លងកាត់​វិស្សមកាលប្រកបដោយសេចក្តីសុខ សុភមង្គល និងសុវត្ថិភាព​ ៕

ដោយ ហេង បញ្ញា