វីរុសកូវីដ១៩ផ្ទុះឡើងម្តងទៀតនៅនូវែលសេឡង់បន្ទាប់ពីបាត់រយៈពេល ១០២ ថ្ងៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេភី (១២.០៨.២០)

នូវែលសេឡង់៖ តាមការផ្សាយរបស់សារព័ត៌មានបរទេសដែលចេញផ្សាយនៅថ្ងៃទី១២ ខែសីហានេះបានឲ្យដឹងថានាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រីយ៉ាស៊ិនដា អាឌើន  (Jacinda Ardern) បានថ្លែងថាអាជ្ញាធរបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៤ ករណីនៅក្នុងគ្រួសារមួយនៅទីក្រុង អកឡេន​ដែលប្រភពនៃការឆ្លងនៅមិនទាន់ដឹងនៅឡើយ។ នេះជាករណីដំបូងនៃការឆ្លងក្នុងសហគមនៅក្នុងប្រទេសនូវែលហ្សេឡង់  បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ១០២ ថ្ងៃមកហើយនោះ  ។

នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់បាននិយាយថាទីក្រុងអកឡេន​ដែលជាទីក្រុងធំជាងគេរបស់ប្រទេស​   នឹងត្រូវ​ប្រកាសអាសន្នកម្រិត ៣ ចាប់ពីពាក់កណ្តាលថ្ងៃពុធរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រក្នុងសប្តាហ៍នេះ  ។

នោះមានន័យថាប្រជាជននឹងត្រូវបានស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះរបស់ខ្លូនខណៈដែលអាជីវកម្មជាច្រើនទៀតនឹងត្រូវបិទទ្វារ។