វគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងចែករំលែកបទពិសោធន៍ជោគជ័យក្នុងការងារ

AKP ភ្នំពេញ ថ្ងៃទី១២ ខែ​សីហា ឆ្នាំ​២០២០–

កាលពីថ្ងៃ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និង​ដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងចែករំលែកបទពិសោធន៍ជោគជ័យក្នុងការងារ ដល់ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីក្រោមឱវាទក្រសួងប្រមាណ ១០០នាក់។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីផ្តល់ចំណេះដឹង និងជំនាញបន្ថែមទៀតដល់មន្ត្រីរាជការក្រោមឱវាទក្រសួង ចែករំលែកបទពិសោធន៍ជោគជ័យពីវាគ្មិនដល់សិក្ខាកាម ដែលអាចឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់របស់អង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់សមត្ថភាពបំពេញការងាររបស់មន្ត្រីរាជការឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។
នៅក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយៈការបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងទទួលបានបទពិសោធន៍ពិតៗពីវាគ្មិនដែលធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ជោគជ័យផ្ទាល់ខ្លួន និងផ្តល់ទស្សនទាននៃភាពជាអ្នកដឹកនាំលើប្រធានបទសំខាន់ៗដូចជា ការអភិវឌ្ឍខ្លួន ការរៀបចំផ្នត់គំនិត ការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ និងការអភិវឌ្ឍវិជ្ជាជីវៈ និងស្ថាប័នផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្ដមបានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងមានផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំច្បាស់លាស់ ទាំងការបណ្ដុះបណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅសិក្សានៅក្រៅប្រទេសតាមរយៈកម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លី អញ្ជើញ​វាគ្មិនពីក្រៅប្រទេសដូចជា សាលា Harward មកបណ្ដុះបណ្ដាលផ្ទាល់ដល់មន្ត្រីក្រសួង ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារឱ្យប្រសើរជាងមុន។
ជាមួយគ្នានេះដែរ ឯកឧត្ដមបានរម្លឹកសិក្ខាកាមទាំងអស់ថា ការសិក្សាគួរធ្វើឡើងពេញមួយជីវិត ដើម្បីអាចដើរតាមទាន់របត់នៃបដិវត្តឧស្សាហកម្ម៤.០ ដោយហេតុថាព័ត៌មានវិទ្យាដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូររបៀបធ្វើការ និងការរស់នៅ ជាពិសេសលើកកម្ពស់វប្បធម៌ អរិយធម៌របស់ជាតិសាសន៍មួយផងដែរ។

លើសពីនេះទៀត ឯកឧត្ដមបានលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីធ្វើបទបង្ហាញ ឬការបណ្តុះបណ្តាលទាក់ទងនឹងវិស័យព័ត៌មានវិទ្យាដល់មន្ត្រីក្រោមឱវាទក្រសួង ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែទូលំទូលាយ និងរិះរកនីតិវិធីផ្លាស់ប្ដូររបៀបរបបធ្វើការងារ សំដៅលើកកម្ពស់ ផលិតភាពការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនដល់សិក្ខាកាមទាំងអស់ ជាពិសេសថ្នាក់ដឹកនាំអង្គភាពអំពីរបៀបដឹកនាំ និងគ្រប់គ្រងធនធានមនុស្ស និងតាមដានការងារដែលបានចាត់តាំងឱ្យមន្ត្រីថ្នាក់ក្រោមបំពេញ ដោយប្រើយន្តការជាក់លាក់មួយចំនួនដែលអាចធានាថា រាល់កិច្ចការដាក់ចេញ មានដំណើរការរលូន និងឆ្លើយតបតាមផែនការជាក់ស្តែងរបស់អង្គភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន និងសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងការបណ្ដុះបណ្ដាលនេះ និងបានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ចូលរួមសួរដេញដោលឱ្យបានផុសផុលបំផុត ដើម្បីក្រេបយកចំណេះដឹងឱ្យបានច្រើន ហើយយកចំណេះដឹងទាំងនោះទៅបម្រើជាតិ មាតុភូមិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យឈានឡើងមួយកម្រិតថែមទៀត៕ ដោយ ទេស ច័ន្ទសុធា