ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១បប របស់រាជដ្ឋាភិបាលនៅ ខេត្តកណ្តាល

AKP កណ្តាល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋ មន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយបទបញ្ជាលេខ ០១ បប របស់រាជដ្ឋាភិបាលកម្ពុជា ស្ដីពីការអនុវត្តផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមមុខសញ្ញាសម្រាប់ឆ្នាំ២០២០-២០២៤ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។

គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃនេះ គឺដើម្បីបង្កើនភាពច្បាស់លាស់ និង ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មការងារតាមតួនាទី ភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធ បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ លាស់អំពី នីតិវិធី និងវិធានការទប់ស្កាត់រាល់អំពើហិង្សា ដែលអាចនឹងកើតឡើងជាបាតុកម្ម កូដកម្ម ។ ពិសេសពង្រឹងសមត្ថភាពដល់មន្រ្តីទទួលបន្ទុកដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ដែលមាននៅតាមគ្រប់មុខសញ្ញា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាពបន្ថែមទៀត ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា កន្លងមករដ្ឋបាលខេត្តកណ្តាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការដោះស្រាយវិវាទផ្សេងៗ ដោយតម្លាភាពជានិច្ច ពិសេសនោះខេត្តបានខិតខំដោះស្រាយរាល់វិវាទ រវាងកម្មកររោងចក្រ និង ថៅកែរោងចក្រ ដោយឈរលើគោលនយោបាយឈ្នះ ឈ្នះ និង ស្របតាមច្បាប់ការងារជានិច្ច ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)