អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ប្រចាំខែកក្កដា

AKP បាត់ដំបង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០–

នៅរសៀលថ្ងៃ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកក្ក ដា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត និង បណ្តាក្រុង ស្រុកទាំងអស់របស់ខេត្ត ផងដែរ។

ក្រោយពីបានស្តាប់របាយការណ៍ប្រចាំខែកក្កដា និងការរាយការណ៍បន្ថែមពីប្រធានមន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច និងមន្ទីរទេសចរណ៍ខេត្តរួចមក លោក សឿម ប៊ុនរិទ្ធិ អភិ បាលរងខេត្ត ធ្វើការផ្សព្វផ្សាយលិខិតលេខ ១៩៦៣ សជណ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញការទប់ស្តាត់ ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិនៅតាមខេត្តនានា និងធ្វើការផ្សព្វផ្សាយលិខិតលេខ ១៨៤១ ដនស/អសដក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីសំណើសុំគាំទ្រលើការចុះបញ្ជីដីរដ្ឋ ដោយមិនកាត់ឆ្វៀល ផ្លូវ បឹង អូរ ស្ទឹង ជាពិសេសនៅតំបន់ស្នូល និងតំបន់អភិរក្ស នៃតំបន់ការពារធម្មជាតិ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពិនិត្យលទ្ធភាពរៀបចំទីសំណាក់របស់ជនអានាថា ដើម្បីប្រមូលផ្តុំពួកគាត់ឱ្យរស់នៅមួយកន្លែងងាយស្រួលក្នុងការផ្តល់សេវាសុខភាព សេវាអប់រំ និងសេវាផ្សេងៗដល់ពួកគាត់ ហើយរដ្ឋបាលខេត្តគ្រោងនឹងរៀបចំអនុគណៈកម្មការដោះស្រាយបញ្ហាជនអានាថា ក្នុងខេត្តបាត់ដំបងផងដែរ។ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ផងដែរចំពោះអាជ្ញាធរក្រុង ស្រុក ត្រូវបន្តអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ចំពោះអាហារដ្ឋាន ផ្ទះសំណាក់ កន្លែងកម្សាន្ត និងតំបន់ទេសចរណ៍នានាក្នុងខេត្ត ត្រូវមានការត្រួតពិនិត្យ ការវាស់កម្ដៅ និងបាញ់អាកុល នៅមុខច្រកចេញផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)