រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយ ការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសឈប់សម្រាកពីការងារ

AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ —
នៅថ្ងៃ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងវិធានការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសមន្ត្រីរាជការ កម្មករ ឈប់សម្រាកពីការងារ ។

កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា​ស្រុក គណៈអភិបាល​ស្រុក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង​អង្គភាពពាក់ព័ន្ធក្នុង​ខេត្ត និងស្រុកទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍ​ក្រុង ស្រុក ឱ្យមានការ​រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈ សង្គមបានល្អប្រសើរនាពេលកន្លងមកនេះ។

​ឯកឧត្តមក៏បានមានប្រសាសន៍បន្តថា សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវ​ខិតខំប្រឹងប្រែងសហការចូលរួមក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការផ្លាស់ប្តូររីកចម្រើនថែមទៀត។ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការទប់ស្កាត់និងបង្រ្កាបឱ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ។

ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀនល្បែងស៊ីសង និងត្រូវបន្តពង្រឹង កិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរដើម្បីរួមគ្នាថែ រក្សាសន្តិសុខសណ្ដាប់ធ្នាប់និងការបង្ការទប់ស្កាត់បទល្មើសផ្សេងៗគ្រប់ប្រភេទ។ ត្រូវបង្កើនការចុះធ្វើវេទិកាសាធារណៈស្តីពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យបានទូលំទូលាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ហើយចូលរួមទាំងអស់គ្នា។

ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តច្បាប់ ព្រមទាំងបន្តផ្សព្វផ្សាយអំពីវិធានការសន្ដិសុខ សណ្ដាប់សាធារណៈ និងវិធានការការពារការរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានទូលំទូលាយ និងម៉ឺងម៉ាត់ ច្បាស់លាស់ដល់មូលដ្ឋានរបស់ខ្លួន ក្នុងឱកាសថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ ៕ដោយ បៃ​ ស៊ីថុន