ភ្ញៀវទេសចរជាតិ ចាប់ផ្តើមកក់បន្ទប់ស្នាក់នៅខេត្តសៀមរាបជាបន្តបន្ទាប់ហើយ ខណៈនៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីសម្រាកសៀមរាប នឹងចាប់ផ្តើម

AKP សៀមរាប ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប​ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាលបានឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាបសហការជាមួយ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនឹងរៀបចំកម្មវិធីមួយឈ្មោះថា “សម្រាកសៀមរាប” ដែលនៅក្នុងកម្មវិធីនេះ មានតាមបែបប្រពៃណី សាសនា កីឡា និងកម្មវិធីកម្សាន្តជាច្រើន ទៀត ដោយអនុវត្តន៍តាមវិធានសុវត្ថិភាពទេសចរណ៍។

លោកបន្តថា គិតរហូតមកដល់រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរជាតិបានចាប់ផ្តើមធ្វើការកក់បន្ទប់ស្នាក់នៅខេត្តសៀមរាបមានជាបន្តបន្ទាប់ហើយ តែមិនទាន់ច្រើននៅឡើយទេ ដោយសារតែតាមទម្លាប់ភ្ញៀវទេសចរជាតិភាគច្រើន មិនសូវកក់បន្ទប់ស្នាក់មុនទេ ច្រើនតែមកដល់ភ្លាមចូលស្នាក់នៅភ្លាម។ ជាមួយនេះ យើង ឃើញថា មានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួននៅខេត្តសៀមរាប​ក៏បាន​បញ្ចុះតម្លៃស្នាក់ នៅផងដែរ។

លោក ហ្វី លិបកៅ យល់ឃើញថា នៅថ្ងៃសម្រាកខាងមុខនេះភ្ញៀវទេសចរជាតិ និងមកកម្សាន្តនៅខេត្តសៀមរាបច្រើន ដោយសារតែនៅខេត្តសៀមរាបមានរៀបចំកម្ម វិធីកម្សាន្តជាច្រើន ជាពិសេសកម្មវិធី ពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ការប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ផ្សារទឹក និងកម្មវិធីជិះកង់ ដើរព្រៃចង្ក្រានរយ ភ្នំគូលែន រួមជាមួយផ្ទាំងទស្សនីយភាពសិល្បៈផងដែរ។

លោករំពឹងថា នៅក្នុងឱកាសនេះ នឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាបល្អ ប្រសើរជាងបច្ចុប្បន្ន ដោយប្រតិបត្តិករទេសចរណ៍ និងទទួលបានចំណូលខ្លះសម្រាប់ ធ្វើឱ្យអាជីវកម្មរបស់ពួកគេអាចបន្តដំណើរការទៅមុខទៀតបាន ហើយសម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ក៏អាចទទួលបានប្រយោជន៍ទាំងដោយផ្ទាល់និងប្រយោលផងដែរ។

សូមបញ្ជាក់ថា ដោយសារបច្ចុប្បន្ននេះស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ អាជ្ញាធរខេត្តក៏បានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួមអនុវត្តន៍វិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា៖ ១.កុំភ្លេចពាក់ម៉ាស់ ឬក្រមា, ២.កុំភ្លេចជែល ឬអាល់កុលលាងដៃ ហើយអាជ្ញាធរបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណៈផងដែរ និង៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព៕

ដោយ ឃុត សៅ