សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យបន្តអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាប្រឆាំងទារុណកម្ម ពិធីសារបន្ថែម និងសន្ធិសញ្ញាផ្សេងៗទៀត

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបន្តអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាប្រឆាំងទារុណកម្ម ពិធីសារបន្ថែម និងសន្ធិសញ្ញាផ្សេងៗទៀត ព្រមទាំងបទបញ្ញត្តិទាំងឡាយក្នុងច្បាប់ជាតិដែលពាក់ព័ន្ធទៅដល់អាជ្ញាធរសាធារណៈ និងមន្ត្រីដែលបំពេញតួនាទីនៅតាមទីកន្លែងឃុំឃាំងជនដែលបានដកហូតសេរីភាព។

ថ្លែងក្នុងពីធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម បំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនោះត្រូវចេះត្រួតពិនិត្យ និងតាមដានយ៉ាងទៀងទាត់ អំពីស្ថានភាពនៅតាមកន្លែងឃុំឃាំងនានា ក្នុងគោលដៅពង្រឹងការការពារដល់ជនជាប់ឃុំ ពីការធ្វើទារុណកម្ម។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ទន្ទឹមនេះ ក៏ត្រូវផ្តល់អនុសាសន៍ចាំបាច់ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលបំណងកែលម្អប្រព្រឹត្តិកម្ម និងស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ស្របតាមនីតិវិធីនៃច្បាប់ជាតិ និងអនុលោមតាមស្មារតី នៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម។ សម្តេចក្រឡាហោមបានបន្ដថា ត្រូវសហការគ្នាឱ្យបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាពិសេសត្រូវមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីអនុវត្តន៍ការងារឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងអនុសញ្ញាប្រឆាំងទារុណកម្ម និងអនុសាសន៍របស់អនុគណៈកម្មាធិការប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។

សម្ដេចក្រឡាហោមបានបន្ថែមថា ចំពោះមន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ដ ត្រូវលើកកម្ពស់ស្មារតី គោរពសិទ្ធិមនុស្ស ជាពិសេសចំពោះជនដែលត្រូវបានដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ៕

ដោយ ចាន់ សុធីវង្ស