អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បណ្តុះបណ្តាលដល់មន្រ្ដីបម្រើ​ការងារនៅ​មជ្ឈមណ្ឌល​ជាតិ​​ខេត្តព្រះសីហនុ ដើម្បីបើកដំណើរការនាខែវិច្ឆិកាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី​១១​ ខែសីហា​ ឆ្នាំ​២០២០

​​ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​កម្ពុជា និងក្រុមប្រឹក្សា ត្រួតពិនិត្យគ្រឿងញៀន​ថៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារព្យាបាលនិងស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀនសម្រាប់មន្រ្តីដែលត្រូវទៅបម្រើនៅមជ្ឈមណ្ឌលជាតិ​ នៅ​ខេត្ត​ព្រះសីហនុ​ ​ ដោយមានសិក្ខាកាមមកពីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និង​យុវនីតិ​សម្បទា​ និងមន្រ្តីពីក្រសួងសុខាភិបាល​ និងមន្រ្តីពីមណ្ឌលកងពលលេខ៣១​ខេត្ត​កំពត​ និង​ឱកាសថ្មី​ ខេត្តក្រចេះ​។ នេះបើយោងតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ​ ដែលតែងតែផ្តល់កិច្ចសហការល្អ​ គាំទ្រគ្នាទៅវិញទៅមកសំដៅពង្រឹងប្រសិទ្ធ ភាពការងារត្រួតពិនិត្យគ្រឿងញៀនលើគ្រប់វិស័យ​ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ​ប្រទេស​​ទាំងពីរកម្ពុជា-ថៃ។ ឯកឧត្តម​ នាយឧត្តមសេនីយ៍​បានថ្លែងបន្តថា​ វគ្គបណ្តុះ​បណ្តាលនេះធ្វើឡើងស្របពេលដែលកម្ពុជារៀបចំដាក់ឱ្យដំណើរការនៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ដ និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿង ញៀន​ ខេត្ត​​​ព្រះសីហនុ​ នៅខែវិច្ឆិកា​ ឆ្នាំ២០២០​ ខាងមុខ ចំពេលខួប៧០ឆ្នាំ​នៃចំណង​សាមគ្គីភាព​ មិត្តភាព​ព្រះរាជាណាចក្រកម្ពុជា​ និងព្រះរាជាណាចក្រថៃ​ ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​បានបន្ថែមថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​​​គ្រឿង​ញៀនបានបន្តជំរុញឱ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ពង្រឹង និង បង្កើត​គណៈកម្មការសម្របសម្រួលសម្រាប់ការព្យាបាលអ្នកញៀនគ្រឿង​ញៀន ដោយ ផ្អែកលើសហគមន៍ នៅតាមឃុំ-សង្កាត់ដើម្បីគាំទ្រឱ្យអ្នកប្រើប្រាស់ និងអ្នក​ញៀន​គ្រឿង​ញៀន ​មានភាពងាយស្រួលទៅ​ទទួល​យក​សេវា​​ព្យាបាល​​នៅតាមមណ្ឌល​សុខភាព មន្ទីរ ពេទ្យ​បង្អែក ដោយមិនគិតថ្លៃ​ មានចំនួន៤៥០កន្លែង​។ ជាមួយគ្នានេះ លើកកម្ពស់ការថែទាំ បន្តនៅ​តាម​សហគមន៍​ដោយបាន និងកំពុងជំរុញការងាររៀបចំ​ទិន្នន័យ​អ្នកប្រើប្រាស់ និង អ្នកញៀនគ្រឿង​ញៀន​ឱ្យស៊ី​​សង្វាក់គ្នារវាងស្ថាប័នអនុវត្តន៍ច្បាប់ ជាមួយនឹងស្ថាប័នផ្តល់ សេវាសុខភាពសាធារណៈ។

បើតាមរបាយការណ៍របស់លោកជំទាវ​ ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រងនៃ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ ២០២០​ កម្ពុជាគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿង​ញៀនបានចំនួន១២,៩៤២នាក់ ក្នុងនោះអ្នក​ដែល​បាន​ជា​សះស្បើយពីគ្រឿងញៀន និងធ្វើសមាហរណកម្មចេញពីមណ្ឌលមាន​ចំនួន​៤,៨៣៩នាក់ អ្នកញៀនគ្រឿងញៀន ដែលបន្តធ្វើការបន្សាបព្យាបាលនៅ​តាមមណ្ឌល​បណ្តោះអាសន្នមានចំនួន​៤,០៦៣នាក់ និងអ្នកញៀនគ្រឿងញៀនដែលបានមកទទួល សេវា​ពិនិត្យ​ព្យាបាលនៅតាមមូលដ្ឋាន​សុខាភិបាល​ក្នុង​រាជធានី-ខេត្តមានចំនួន ៣,៣៨២ នាក់៕

ដោយ រិទ្ធី