រដ្ឋមន្រ្ដីក្រសួងធម្មការ៖ រាជរដ្ឋាភិបាលដាក់បញ្ចូលការពង្រីកពុទ្ធិកសិក្សាជាកម្មវិធី​នយោបាយ ដើម្បីបន្ដពង្រឹងពុទ្ធិកសិក្សានៅគ្រប់កម្រិត

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបានគូសបញ្ជាក់ថា ដើម្បីពង្រឹងនិងពង្រីកវិស័យពុទ្ធិកសិក្សាឱ្យមានទាំងបរិមាណនិងគុណភាព រាជរដ្ឋាភិ​បាល​បានដាក់បញ្ចូលការពង្រីកពុទ្ធិកសិក្សាជាកម្មវិធីនយោបាយ ដើម្បីបន្ដពង្រឹង និងពង្រីក​ពុទ្ធិក​សិក្សានៅគ្រប់កម្រិត។ ការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ធ្វើឡើង​ក្នុងពិធីបើកវគ្គ​បណ្ដុះ​បណ្ដាលគ្រូបង្រៀនបឋមសិក្សាចំនួន៦០រូប ក្នុងឆ្នាំសិក្សា​២០២០-២០២១ ដែលមាន​ការនិមន្ត អញ្ជើញចូលរួមពីសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះអគ្គាធិការរង ពុទ្ធិកសិក្សា សម្តេចព្រះអគ្គាធិការរង ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ ប្រធាន ផ្នែក នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រឹកថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងធម្មការ និងសាសនា។

ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍ថា កម្មវិធីនយោបាយនេះបានចែងថា បន្តគោរពសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនា​របស់រដ្ឋ ជាពិសេសការបន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សានៅគ្រប់កម្រិត ការបោះពុម្ពផ្សព្វ​ផ្សាយ​គម្ពីរដីកា ក្បួនច្បាប់នានា និងកិច្ចប្រតិបត្តិធម្មវិន័យ ហើយក៏គាំទ្រសកម្មភាព នៃ​សាសនាផ្សេងៗទៀតក្នុងសង្គម។ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹក​រលឹកពីសម្ដេច ប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា និងសម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី ដែលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ច ក៏ដូចជាវិស័យពុទ្ធិក​សិក្សានៅព្រះ​រាជាណាចក្រកម្ពុជាទាំងមូលតាមរយៈការឧបត្ថម្ភគាំទ្រ និងការអនុញ្ញាត​ឱ្យបើក​គ្រឹះស្ថាន​ពុទ្ធិកសិក្សាជាបន្តបន្ទាប់ ចាប់ពីពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកឧត្តម និងក្រោយឧត្តម​សិក្សាជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីបាន​កោត​សរសើរចំពោះការខិតខំប្រឹង​ប្រែងរបស់ព្រះ​សិរិវិសុទ្ធិ សុខ សុភាព ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិស័យ ក្នុងការសម្រេច​បាន​នូវភាពជោគជ័យជាផ្លែផ្ការបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្នុងការ​រៀបចំវគ្គបណ្ដុះ​បណ្ដាលគ្រូបង្រៀនពុទ្ធិកបឋមសិក្សានេះឡើងកាលពីឆ្នាំ២០១៩កន្លងមក។ ឯកឧត្ដម​រដ្ឋ​មន្រ្តីបានណែនាំប្រគេន និងជូនដល់ព្រះអង្គ លោកគ្រូ អ្នកគ្រូ ជាសិក្ខាកាមដែលបាន​ទទួល​ការបណ្ដុះបណ្ដាលនាពេលនេះ សូមយកចិត្តទុកដាក់ស្ដាប់តាមការបង្រៀនរបស់​គ្រូឧទ្ទេស ដែលជាអ្នកមានជំនាញ និងបច្ចេកទេស ដើម្បីទទួលបាននូវគុណភាព​នៃការ​អប់រំប្រកបដោយសីលធម៌ គុណធម៌ ឧត្ដមគតិ និងមនសិការខ្ពស់មួយកម្រិតទៀត។

ឯកឧត្តមក៏សូមបន្តគាំទ្រឱ្យមានវគ្គបណ្ដុះបណ្ដាលនេះបន្តនៅឆ្នាំសិក្សា​បន្តបន្ទាប់​ទៀត។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានខិតខំយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតីក្នុង​ការ​ជំរុញ និងគាំទ្រតាមគ្រប់រូបភាពដល់ក្រសួងធម្មការ និងសាសនា ដែលមានអគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សាជាតិជាចំណុះ ក្នុងការដឹកនាំផ្ទាល់សម្រាប់វិស័យនេះ៕

ដោយ ឡុង ស៊ីវ៉ាន់