អ្នកនាំពាក្យក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល ស្ថិតក្នុងស្ថានភាពសុខភាពល្អប្រសើរ និងមានករណីលាប់កូវីដ១៩ពិតប្រាកដមែន នៅខេត្តត្បូងឃ្មុំ

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ —

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា ស្ថានភាពអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយពុំមានករណីណាមួយធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា ៖ “ដោយឡែកចំពោះអ្នកជំងឺដែលទើបរកឃើញចំនួន១៥នាក់ថ្មី គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពសុខភាពរបស់ពួកគេ ក៏ពុំមានអ្នកជំងឺណាម្នាក់មានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភនោះដែរ”។

ពាក់ព័ន្ធនឹងមានករណីលាប់ជំងឺកូវីដ១៩ នៅខេត្តត្បូងឃ្មុំវិញ លោកជំទាវវេជ្ជបណ្ឌិតបានទទួលស្គាល់ថា ពិតជាមានពិតប្រាកដមែន ដោយលោកជំទាវ បានសង្កត់ធ្ងន់ថា៖ “ករណីលាប់ជំងឺកូវីដ១៩នេះ ពុំមែនមានតែនៅក្នុងប្រទេសយើងនោះទេ ប្រទេសដទៃទៀតនៅក្នុងសកលលោក ក៏ធ្លាប់មានករណីដូចនេះដូចគ្នា ហើយករណីលាប់នេះផងដែរគឺពុំត្រូវបានរាប់ទៅក្នុងករណីថ្មីនោះទេ ព្រោះដើម្បីចៀសវៀងការភ័ន្តច្រឡំអំពីតួលេខ នៃចំនួនអ្នកដែលរកឃើញថ្មី និងចំនួនអ្នកកំពុងព្យាបាល”។

លោកជំទាវវេជ្ជបណ្ឌិតបានពន្យល់បន្ថែមថា តាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក រាល់ករណីដែលធ្វើតេស្តពិនិត្យទៅឃើញអវិជ្ជមានចំនួនពីរដងជាប់គ្នា គឺត្រូវបានសន្មត់ថាជាសះស្បើយពីជំងឺកូវីដ១៩នេះ ហើយបុគ្គលរូបនេះនឹងត្រូវបានអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ ប៉ុន្តែការត្រលប់ទៅគេហដ្ឋានវិញ គឺស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានសុខភាពខ្លួនឯងជាបន្តទៀត ដោយពុំអនុញ្ញាតឱ្យមានការធ្វើដំណើរទៅទីណាផ្តេសផ្តាសនោះទេ ហើយបុគ្គលដែលជាសះស្បើយនេះ ត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃបន្តទៀតនៅកន្លែងដែលខ្លួនរស់នៅ តាមរយៈការណែនាំរបស់ក្រុមគ្រូពេទ្យ ដោយបារម្ភអំពីករណីលាប់ជំងឺនេះ។

គួររម្លឹកថា យោងតាមរបាយការណ៍ របស់ ឯកឧត្តម កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បុរសដែលលាប់ជំងឺកូវីដ១៩នេះ មានអាយុ២៩ឆ្នាំ រស់នៅក្នុងខេត្តកណ្តាល ហើយបានវិលត្រលប់ពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីពេលកន្លងមក។ បុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែចំនួន១៤ថ្ងៃបន្ទាប់ពីមកដល់ ហើយត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ និងបន្ទាប់ពីធ្វើតេស្តអវិជ្ជមានចំនួន០២លើក បុរសរូបនេះក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះនៅខេត្តកណ្តាលវិញ ប៉ុន្តែបុរសរូបនេះ បានសុំអនុញ្ញាតទៅធ្វើចត្តាឡីស័កខ្លួនឯងបន្តនៅផ្ទះឯស្រុកកំណើត នៅខេត្តត្បូងឃ្មុំ ហើយត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ឡើងវិញ កាលពីថ្ងៃទី០៨ ខែសីហា។ អ្នកដែលពាក់ព័ន្ធនឹងបុរសរូបនេះ ទាំងផ្ទាល់ និងប្រយោល ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល ប្រមូលយកសំណាកដើម្បីទៅធ្វើតេស្តវិភាគរកមេរោគកូវីដ១៩ និងដាក់នៅមណ្ឌលចត្តាឡីស័ករួចរាល់ផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានឱ្យដឹងថា មានករណីវិជ្ជមានថ្មី ចំនួន១៥នាក់ ដែលត្រូវបានរកឃើញ ធ្វើឱ្យករណីឆ្លងសរុបទូទាំងប្រទេសមានចំនួន ២៦៦នាក់ ព្យាបាលជាសះស្បើយចំនួន ២២០នាក់ ដោយឡែកករណីលាប់ជំងឺកូវីដ១៩នេះ នៅកម្ពុជាគឺជាករណីទី២ហើយ។

ដោយ ផែន រតនៈ