មេដឹកនាំលីបង់ធ្លាប់ទទួលបានការព្រមានកាលពីខែកក្កដាកន្លងមកអំពីសារធាតុដែលអាចបង្កការផ្ទុះនៅកំពង់ផែ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.០៨.២០)

លីបង់៖ បើយោងតាមឯកសារដែលចេញដោយប្រភពសន្តិសុខជាន់ខ្ពស់របស់ប្រទេសលីបង់បានឲ្យដឹងថាមន្ត្រីសន្តិសុខលីបង់បានព្រមានរួចមកហើយដល់លោកនាយករដ្ឋមន្រ្តីនិងប្រធានាធិបតីកាលពីខែកក្កដាមុនថាសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោនដែលផ្ទុកនៅក្នុងកំពង់ផែក្រុងបេរូតអាចបង្កជាហានិភ័យនិងអាចបំផ្លាញរដ្ឋធានីប្រសិនបើវាផ្ទុះឡើង ។

គ្រាន់តែជាងពីរសប្តាហ៍ក្រោយមកសារធាតុនោះបានបង្កជាការផ្ទុះដ៏ធំមួយដែលបានបំផ្លាញកំពង់ផែនិងបានសម្លាប់មនុស្សយ៉ាងតិច ១៦៣ នាក់ហើយរងរបួសជាង ៦.០០០ នាក់ព្រមទាំងបំផ្លាញអគារជាង ៦.០០០ កន្លែងផងដែរ។

របាយការណ៍មួយដែលចេញដោយអគ្គនាយកដ្ឋានសន្តិសុខរដ្ឋលីបង់   ​មានការរំលឹកពី​លិខិតឯកជនមួយច្បាប់ផ្ញើទៅលោកប្រធានាធិបតីមីឆែលអូននិងលោកនាយករដ្ឋមន្រ្តីហាសាន់ឌៀប កាលពីថ្ងៃទី ២០ ខែកក្កដាកន្លងមក ក្នុងលិខិតនោះមានការព្រមានពីគ្រោះថ្នាក់របស់សារធាតុ នោះ  ។